អនុស្សរណៈចំនួន ៥ ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី១នៃវេទិការដ្ឋាភិបាលឌីជីថល ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យឌីជីថលរវាងកម្ពុជា ជាមួយនឹងប្រទេសជាមិត្តនិងដៃគូអភិវឌ្ឍន៍
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏បានចុះអនុស្សរណៈនៃការយោគយល់ចំនួន ៥ ជាមួយប្រទេសជាមិត្តនិងដៃគូអភិវឌ្ឍន៍នានា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យឌីជីថល។
អនុស្សរណៈទាំង៥នេះ ត្រូវបានចុះហត្ថលេខា និងធ្វើការផ្លាស់ប្តូរក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ដែលជាថ្ងៃទី១ នៃវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល។
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានឱ្យដឹងថា អនុស្សរណៈនៃការយោគយល់គ្នាទាំង ៥នេះ រួមមាន៖
១. អនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការស្តីពីការផ្តល់សេវាពហុបណ្តាញសម្រាប់ បង្កើនប្រសិទ្ធភាពសេវាសាធារណៈរបស់រដ្ឋាភិបាល (MOU on Cooperation on Omni-Channel Public Service Delivery to Enhance Government Services) ជាមួយទីភ្នាក់ងាររដ្ឋទទួលបន្ទុកសេវាសាធារណៈ និងនវានុវត្តន៍សង្គម នៃសាធារណរដ្ឋអាស៊ែបៃហ្សង់។
២. អនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថល (Memorandum of Understanding on Digital Government Cooperation) ជាមួយក្រសួងបញ្ញាសិប្បនិម្មិត និងអភិវឌ្ឍន៍ ឌីជីថល នៃសាធារណរដ្ឋកាហ្សាក់ស្ថាន។
៣. អនុស្សរណៈនៃកិច្ចព្រមព្រៀង (Memorandum of Agreement) ជាមួយគណៈកម្មាធិការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (UN-ESCAP)។
៤. អនុស្សរណៈនៃការយោគយល់ស្តីពីការផ្តល់ជំនួយឥតសំណង FEXTE ដើម្បីអភិវឌ្ឍក្របខណ្ឌ យុទ្ធសាស្ត្រ និងបទប្បញ្ញត្តិសម្រាប់រដ្ឋាភិបាលឌីជីថលកម្ពុជា (FEXTE Grant Support for Development of Strategic and Regulatory Framework for Cambodian Digital Government) ជាមួយទីភ្នាក់ងារបារាំង សម្រាប់អភិវឌ្ឍន៍ (AFD)។
៥. អនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការរៀបចំពានរង្វាន់សន្តិសុខសាយប័រឆ្នាំ២០២៦ (MOU On Cooperation on Co-Organizing Cybersecurity Awards 2026) ជាមួយក្រុមហ៊ុន TATIUS LIMITED COMPANY របស់ចក្រភពអង់គ្លេស។
ក្រៅពីនេះ លោក ជា វ៉ាន់ដេត បានឱ្យដឹងបន្ថែមទៀតថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏នឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយក្រុមហ៊ុន STMicroelectronics ស្តីពីកិច្ចសហការបរិវត្តកម្មឌីជីថល (Memorandum of Understanding on Digital Transformation) នៅថ្ងៃទី២ នៃវេទិការដ្ឋាភិបាលឌីជីថលផងដែរ។
លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានបញ្ជាក់ថា ពេលនេះ កម្ពុជាលែងជាតួអង្គប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដូចពេលមុនទៀតហើយ ប៉ុន្តែបានប្រែក្លាយខ្លួនទៅជាតួអង្គដ៏សកម្មក្នុងការរួមចំណែកដល់ដំណើរការបរិវត្តកម្មឌីជីថលទាំងក្នុងកម្រិតតំបន់អាស៊ាន ជាពិសេស ឈានដល់តំបន់អាស៊ី-ប៉ាស៊ីហ្វិកបន្ថែមទៀត។ កម្ពុជា នឹងបន្តសហការជិតស្និទ្ធជាមួយគ្រប់ដៃគូទាំងអស់ ទាំងស្ថាប័នរដ្ឋ វិស័យឯកជន និងសង្គមស៊ីវិល នៅក្នុងកម្រិតជាតិ កម្រិតតំបន់ និងកម្រិតអន្តរជាតិ ដើម្បីផលប្រយោជន៍រួមរបស់ទាំងអស់គ្នា៕