ព័ត៌មានអន្តរជាតិ

ក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បង្ហាញវឌ្ឍនភាពនៃការបោះបង្គោលព្រំដែនលេខ ៥២-៥៩ ដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន

image


បន្ទាយមានជ័យ៖ លោក ព្រំសឿន វឌ្ឍន: ប្រធានក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅព្រឹកថ្ងៃទី៥ ខែធ្នូនេះ បានបង្ហាញពីវឌ្ឍនភាព នៃការបោះបង្គោលព្រំដែនលេខ ៥២-៥៩ (ឃុំកំរៀង និងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង) ដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅទីស្នាក់ទី២ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ក្រុមការងារ បានបង្ហាញពីវឌ្ឍនភាពការងារចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៥២-៥៩ នៅក្នុងភូមិសាស្រ្តស្រុកកំរៀង ខេត្តបាត់ដំបង ទល់មុខស្រុកពោងណាំរ៉ន ខេត្តចន្ទបុរី។
ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរ កម្ពុជា-ថៃ បានអនុវត្តការងារថតរូបពីលើអាកាសដោយប្រើដ្រូន ដើម្បីបង្កើតផែនទីរូបថត (Photomap) នៅចន្លោះបង្គោលព្រំដែនលេខ ៥២-៥៩ ដោយសម្រេចបានប្រវែងប្រមាណ ៦.៤ គ.ម ស្មើនឹងប្រមាណ ៧៦%។

សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរ កម្ពុជា-ថៃ បានចុះអនុវត្តការងារលើដីជាក់ស្ដែងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ ៥២-៥៩ ដែលមានប្រវែងប្រមាណ ៨.៣គ.ម. ដោយបានបញ្ចប់ការងារវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែងសរុបចំនួន ១៦៦បង្គោលបណ្តោះអាសន្ន៕