ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងអនុវត្តគម្រោងបង្កើត និងអភិវឌ្ឍន៍សួនឌីជីថល លើផ្ទៃដីប្រមាណ ១០០ហិកតា ក្នុងគោលដៅប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលឌីជីថល
ភ្នំពេញ៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថា ក្រសួង កំពុងអនុវត្តគម្រោងបង្កើត និងអភិវឌ្ឍន៍សួនឌីជីថល លើផ្ទៃដីប្រមាណ ១០០ហិកតា ក្នុងគោលដៅប្រែក្លាយកម្ពុជា ទៅជាមជ្ឈមណ្ឌលឌីជីថល។
ការថ្លែងរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងក្នុងពិធីបើក វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល នៅព្រឹកថ្ងៃទី៥ ខែធ្នូ ក្រោមអធិបតីភាពលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ព្រឹត្តិការណ៍នេះ ក៏មានការអញ្ជើញចូលរួមពី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍, ថ្នាក់ដឹកនាំ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, តំណាងស្ថាប័នវិស័យទូរគមន៍អន្តរជាតិ តំណាងអង្គទូត ដៃគូអភិវឌ្ឍន៍ និងតំណាងវិស័យឯកជនកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពា ណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា។
លោក ជា វ៉ាន់ដេត បានលើកឡើងថា គម្រោងបង្កើត និងអភិវឌ្ឍន៍សួនឌីជីថល គឺក្នុងគោលបំណងដើម្បីជំរុញការធ្វើបរិវត្តកម្ម សហគ្រិនភាព នវានុវត្តន៍ និងការបណ្តុះបណ្តាលជំនាញក្នុងវិស័យឌីជីថល សំដៅគាំទ្រដល់ធុរកិច្ចថ្មី ការធ្វើទំនើបកម្មការអប់រំ ការផ្តល់ហេដ្ឋារចនាសម្ព័ន្ធទិន្នន័យដ៏សម្បូរបែប និងការទាក់ទាញក្រុមហ៊ុនវិនិយោគ ជាពិសេស ការបង្កើតជាប្រព័ន្ធអេកូឡូស៊ីមួយដែលផ្សារភ្ជាប់ការអប់រំបណ្តុះ បណ្តាលជំនាញទៅនឹងឧស្សាហកម្មក្នុងវិស័យឌីជីថល។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ជាចក្ខុវិស័យរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គឺប្រែក្លាយកម្ពុជា ជាបណ្តើរៗ ឱ្យទៅជាប្រទេសដែលពុំនិយមប្រើប្រាស់ក្រដាសបន្តទៀត ដោយឈរលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដែលប្រជាពលរដ្ឋមានទំនុកចិត្ត ព្រមទាំងអាចលើកតម្កើងតួនាទីរបស់កម្ពុជាលើឆាកអន្តរជាតិ។
លោកបានបន្ថែមថា ជាគោលដៅដែលបានកំណត់នៅក្នុង ផែនទីបង្ហាញផ្លូវឌីជីថល ក្រសួង នឹងជំរុញការបណ្តុះបណ្តាលធនធានមនុស្សជំនាញឌីជីថលឲ្យបានយ៉ាងតិច ១០ម៉ឺននាក់ ក្នុងរយៈពេល ១០ឆ្នាំ។
ថ្លែងក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រចាំការ វង្សី វិស្សុត បានជំរុញឲ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បន្តកិច្ចប្រឹងប្រែងក្នុងការកំណត់វិធានការគោលនយោបាយជាក់លាក់ក្នុងការឆ្លើយតបនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថលថ្មីៗ ជាពិសេស បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីទាញយកប្រយោជន៍ជាអតិបរិមាក្នុងការជំរុញនវានុវត្តន៍ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ព្រមទាំងគ្រប់គ្រងឱ្យបាននូវហានិភ័យដែលមានជាអាទិ៍៖ ផលប៉ះពាល់លើការងារ ការអប់រំ ឯកជនភាពទិន្នន័យ និងសន្តិសុខសាយប័រ។
បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឲ្យក្រសួង ផ្តោតលើការកំណត់ចលករគន្លឹះជំរុញការកសាងមូលធនមនុស្សឌីជីថល និងវិធីសាស្រ្តជំរុញ ឬបង្កើនសមត្ថភាពចាប់យក និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលរបស់ប្រជាពលរដ្ឋ និងធុរជន ព្រមទាំង សហការវិនិយោគ ផ្លាស់ប្តូរបច្ចេកវិទ្យា និងអភិវឌ្ឍកម្មវិធីសុសវែរ (Digital Solutions) ដែលជាតម្រូវការរួមគ្នា ដើម្បីសន្សំសំចៃធនធាន ធានាអន្តរប្រតិបត្តិការ និងជាពិសេសសម្រួលដល់ការផ្សារភ្ជាប់ប្រទេសក្នុងតំបន់តាមរយៈលំហឌីជីថល៕
រូបភាព៖ ឆាំ បិន