ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ឆ្នាំ២០២៥ ក្រោមមូលបទសកល “យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍"

image


រតនគិរី៖ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ដែលមានលោក ញ៉ែម សំអឿន ជាប្រធាន បានជ្រោមជ្រែងឱ្យក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី សហការជាមួយមន្ទីរសុខាភិបាល និងអង្គការឃែប្រចាំខេត្ត រៀបចំប្រារព្ធទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២៥ ក្រោមមូលបទសកល “យកឈ្នះការរំខានបរិវត្តកម្មឆ្លើយតប នឹងជំងឺអេដស៍” នៅសាលមហោស្រពរតន:។ ពិធីនេះ ក៏មានការចូលរួមពីលោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត។

ក្នុងឱកាសនោះ លោក ស្រី ឃឹម សុខឃាង ញ៉ែមសំអឿន អនុប្រធានអចិន្រ្តៃយ៍គណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី បានគូសបញ្ជាក់នូវខ្លឹមសារសំខាន់ៗនៃសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងបន្ថែមយ៉ាងស៊ីជម្រៅនូវសារសុខភាព យល់ដឹងអំពីជំងឺមិនឆ្លងនានា និងវិធីបង្ការផងដែរ។

ក្នុងសារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើការអំពាវជនរួមជាតិទាំងអស់ ចូលរួមយ៉ាងសកម្ម និងឱ្យបានទ្វេដង ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងកាកបាទក្រហមកម្ពុជា ក្នុងយន្តការជាតិតែមួយ ដើម្បីសម្រេចបានដោយជោគជ័យនូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០៣០។

សម្រាប់យុវជនយុវនារីទាំងអស់ ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវផ្នត់គំនិត និងឥរិយាបថវិជ្ជមានបង្ការខ្លួនពីការចម្លងមេរោគអេដស៍ និងដើរតួជាសកម្មជនប្រយុទ្ធនឹងជំងឺអេដស៍ តាមរយៈសកម្មភាពមិត្តអប់រំមិត្ត ការបង្កើតក្រុមជួយខ្លួនឯង ចែករំលែកចំណេះដឹង ផ្សព្វផ្សាយព័ត៌មានថ្មីៗស្តីពីមេរោគអេដស៍ និងជំងឺអេដស៍ដល់មិត្តភក្តិ សហគមន៍ និងសង្គមជាតិរបស់យើង ជាពិសេស ត្រូវនាំគ្នាចៀសឱ្យឆ្ងាយ ពីការសេពគ្រឿងញៀន គ្រឿងស្រវឹង និងការប្រើបារីអេឡិចត្រូនិក និងត្រូវលើកកម្ពស់ស្មារតី “ស្រឡាញ់ខ្លួន ស្ងួនចំណី”។

សម្រាប់ពលរដ្ឋ ដែលបានប្រព្រឹត្ត ឬសង្ស័យថាខ្លួនបានប្រឈមនឹងការឆ្លងមេរោគអេដស៍ ត្រូវតែស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ឱ្យបានឆាប់បំផុត ដើម្បីអាចទទួលបាននូវសេវាព្យាបាលទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ និងសូមចងចាំជានិច្ចថា “យើងអាចភ្លេចអេដស៍ តែអេដស៍ពុំភ្លេចយើងឡើយ”។ ចំពោះស្ត្រីមានផ្ទៃពោះទាំងអស់ សូមទៅទទួលសេវាពិនិត្យ និងថែទាំផ្ទៃពោះឱ្យបានត្រឹមត្រូវ និងទៀងទាត់ ទទួលបានការផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ មេរោគស្វាយ ទប់ស្កាត់ការចម្លងមេរោគអេដស៍ មេរោគស្វាយពីម្តាយទៅកូន។ ចំពោះពលរដ្ឋដែលមានការប្រព្រឹត្តប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍ ចូរប្រើប្រាស់ស្រោមអនាម័យឱ្យបាន ១០០% នៅរៀងរាល់ពេលរួមភេទ និងស្វែងរកការប្រើឱសថបង្ការការចម្លងមេរោគអេដស៍ឱ្យបានត្រឹមត្រូវ និងទៀងទាត់ ពីមូលដ្ឋានសុខាភិបាលដែលនៅជិតបំផុត។ ចំពោះពលរដ្ឋ ដែលរស់នៅជាមួយមេរោគអេដស៍ សូមបន្តការយកចិត្តទុកដាក់លេបឱសថប្រឆាំង មេរោគអេដស៍ឱ្យបានត្រឹមត្រូវ ទៀងទាត់ ជាប់លាប់ និងមកជួបគ្រូពេទ្យតាមការកំណត់។

សារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានអំពាវនាវសូមកុំរើសអើង និងមាក់ងាយអ្នករស់នៅជាមួយមេរោគអេដស៍ និងអ្នកជំងឺអេដស៍ជាដាច់ខាត ព្រោះវាជាអំពើផ្ទុយទៅនឹងច្បាប់ស្តីពីការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និង ជំងឺអេដស៍នៅកម្ពុជា។ ផ្ទុយទៅវិញ សូមចូលរួមលើកទឹកចិត្ត ផ្តល់កិច្ចគាំពារ មិនបោះបង់ចោល ឬទុកឱ្យនៅឯកា ចំពោះអ្នករស់នៅជាមួយមេរោគអេដស៍និងអ្នកជំងឺអេដស៍ណាម្នាក់ឡើយ។

ថ្លែងក្នុងឱកាសនោះដែរ លោក ញ៉ែម សំអឿន បានលើកឡើងថា ការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ គឺជាកាលានុវត្តភាពថ្មីដ៏សំខាន់មួយ ដើម្បីបង្ហាញពីផលប៉ះពាល់លើការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ជាមួយការប្រឈមថ្មីនានា រួមទាំងការកាត់បន្ថយថវិកាពីអ្នកផ្តល់ជំនួយអន្តរជាតិ ក៏ដូចជាដើម្បីបង្ហាញពីចីរភាព និងភាពធន់របស់ប្រទេស និងសហគមន៍ដែលក្រោកឈរយ៉ាងរឹងមាំក្នុងការការពារសមិទ្ធផលសម្រេចបាន ព្រមទាំងជំរុញការឆ្លើយតបនឹងមេរោគអេដស៍ ឈានឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០។

លោកអភិបាលខេត្ត បានលើកឡើងបន្ថែមថា ប្រធានបទឆ្នាំនេះ «យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍» ដែលមានន័យសំខាន់ ក្នុងការជំរុញឱ្យសង្គមខិតខំប្រឹងប្រែងបន្តការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ឱ្យកាន់តែមានប្រសិទ្ធភាព និងមានភាពរឹងមាំជាងមុន។ ការរំខានដូចជា ការរើសអើង ការមាក់ងាយចំពោះអ្នកផ្ទុកមេរោគអេដស៍ប្រជាជន កង្វះការយល់ដឹង ត្រឹមត្រូវពីប្រជាពលរដ្ឋ កង្វះធនធានឬកង្វះការយកចិត្តទុកដាក់របស់អ្នកពាក់ព័ន្ធ ដែលតម្រូវឱ្យយើងទាំងអស់ ពង្រឹងកិច្ចសហការគ្រប់តួអង្គ ដើម្បីគាស់រំលើងឧបសគ្គទាំងនោះ ហើយជំរុញឱ្យមានបរិវត្តកម្មឬការផ្លាស់ប្តូរដ៏វិជ្ជមានមួយ ក្នុងការដឹកនាំ គ្រប់គ្រង និងបង្ការជំងឺអេដស៍។ ការយកឈ្នះការរំខាន គឺជាគន្លងដ៏សំខាន់ក្នុងការអភិវឌ្ឍវិធានការ ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ប្រកបដោយប្រសិទ្ធភាពនិងសក្តិសិទ្ធិភាព សមស្របតាមការប្រែប្រួលរបស់សង្គម សេដ្ឋកិច្ច និងបច្ចេកវិទ្យា៕

អត្ថបទ ៖ ប៉េស សារី