ព័ត៌មានជាតិ

លោក ជា វ៉ាន់ដេត៖ សិស្ស និងមន្ត្រីរាជការជិត ២ម៉ឺននាក់ បានទទួលការបណ្តុះបណ្តាលជំនាញឌីជីថល ខណៈក្រសួង មានគោលដៅបណ្តុះបណ្តាលឱ្យបានយ៉ាងតិច ១០ម៉ឺននាក់ ក្នុងរយៈពេល ១០ឆ្នាំ

image


ភ្នំពេញ៖ សិស្ស និងមន្ត្រីរាជការប្រហែល ១,៦៥០ នាក់ជាងបានកំពុងទទួលការបណ្តុះបណ្តាលជំនាញឌីជីថលដើម្បីពង្រឹងសមត្ថភាព និងបង្កើនជំនាញបន្ថែមឱ្យសមស្របគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងនោះ សិស្សពូកែដែលទទួលបាននិទ្ទេស A, B និង C ចំនួនជាង៣,៥០០នាក់ កំពុងទទួលអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជំនាញឌីជីថលនៅគ្រឹះស្ថានឧត្តមសិក្សាដែលជាដៃគូរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថា ក្រៅពីនិស្សិតដែលកំពុងសិក្សាជំនាញ ក្រសួង ក៏បានរៀបចំវគ្គបណ្តុះបណ្តាលជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង ស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សរុបប្រមាណ ១៣,០០០ នាក់រួចហើយ។ បន្ថែមលើនេះ ក្រសួង ក៏បានទទួលការអនុញ្ញាតឱ្យបង្កើតកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល ដែលជាកម្មវិធីផ្តល់ជំនួយហិរញ្ញវត្ថុដោយគ្មានការប្រាក់ សម្រាប់សិស្សដែលពុំទទួលបានអាហារូបករណ៍ ឬសិស្សដែលពុំមានលទ្ធភាពហិរញ្ញវត្ថុ ប៉ុន្តែមានបំណងចង់សិក្សាជំនាញឌីជីថលនៅកម្រិតឧត្តមសិក្សាផងដែរ។

លោករដ្ឋមន្ត្រី បានមានប្រសាសន៍បែបនេះ នៅក្នុងពិធីបើកវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល នៅព្រឹកថ្ងៃទី៥ ខែធ្នូ ក្រោមអធិបតីភាពលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកម្ពុជា។

លោក ជា វ៉ាន់ដេត បានឱ្យដឹងបន្ថែមថា ក្រៅពីការបណ្តុះបណ្តាល ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏យកចិត្តទុកដាក់លើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសម្រាប់បម្រើដល់ការអប់រំ ដូចជា ការអនុវត្តសាកល្បងថ្នាក់រៀនឌីជីថលនៅសាលាបឋមសិក្សាគោលដៅចំនួន ៦០ ការអនុវត្តសាកល្បងគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅតាមវិទ្យាល័យសាធារណៈ ការផ្តល់ជូនមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលនៅគ្រឹះស្ថានឧត្តមសិក្សាដៃគូ ការជួយគាំទ្រដល់ការងារបរិវត្តកម្មឌីជីថលរបស់ក្រសួងអប់រំ យុវជន និងកីឡា ការជួយពិនិត្យនិងកែលំអកម្មវិធីសិក្សាជំនាញឌីជីថលនៅកម្រិតឧត្តមសិក្សា ព្រមទាំងការធ្វើ យុទ្ធនាការផ្សព្វផ្សាយបញ្ញាបចំណេះដឹងឌីជីថលតាមមធ្យោបាយនានា។

លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ជាគោលដៅដែលបានកំណត់នៅក្នុងផែនទីបង្ហាញផ្លូវជំនាញឌីជីថល ក្រសួងនឹងជំរុញការបណ្តុះបណ្តាលធនធានមនុស្សជំនាញឌីជីថល ឱ្យ បានយ៉ាងតិច ១០ម៉ឺននាក់ ក្នុងរយៈពេល ១០ឆ្នាំ៕