រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់គ្រូពេទ្យផ្នែកចក្ខុរោគ ត្រូវថែទាំគំហើញរបស់ប្រជាពលរដ្ឋ តាំងពីកុមារតូច ពេញវ័យ រហូតដល់មនុស្សចាស់ ទាំងគំហើញផ្ទាល់ ទាំងការវិភាគវិទ្យាសាស្រ្ត
ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកមហាសន្និបាតលើកទី២៣ នៃសមាគមគ្រូពេទ្យភ្នែកកម្ពុជា និងសន្និបាតរណបលើកទី៤ នៃសមាគមចក្ខុរោគ អាស៊ីប៉ាស៊ីហ្វិក។
លោកសាស្រ្តាចារ្យបានលើកឡើងថា “សុខភាពភ្នែក គឺមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់ៗរូប។ ប្រសិនបើភ្នែករបស់យើងមើលមិនច្បាស់ មានពិការភាព ឬមានបញ្ហាជំងឺផ្សេងៗ ប្រាកដណាស់ថា សុខភាពរបស់យើងក៏មិនបានល្អពេញលេញ ដែលស្ថិតក្នុងបរិបទមានប្រជាជនវ័យចំណាស់មានការកើនឡើង និងការយកចិត្តទុកដាក់ត្រូវតែធ្វើឡើង ចំពោះគ្រប់ផ្នែកទាំងអស់ បូករួមទាំងផ្នែកភ្នែកផងដែរ។”
លោករដ្ឋមន្ត្រី បានគូសរំលេចថា បច្ចុប្បន្នវិស័យចក្ខុសាស្រ្តមានការរីកចម្រើន គួរឱ្យកត់សម្គាល់ទាំងផ្នែកធនធានមនុស្ស និងបច្ចេកទេសដែលការបណ្តុះបណ្តាលបន្តជាការចាំបាច់បំផុត។ ការពង្រីកសេវាថែទាំព្យាបាលភ្នែកទូទាំងប្រទេស ក៏ត្រូវតែបន្ត ដើម្បីធានាការបម្រើសេវាផ្នែកសុខភាពភ្នែក ជូនប្រជាពលរដ្ឋ ឱ្យបានគ្រប់គ្រាន់មានប្រសិទ្ធភាព និងទាន់ពេលវេលា។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានធ្វើការកត់សម្គាល់ និងផ្តល់យោបល់មួយចំនួន ដល់សមគមគ្រូពេទ្យភ្នែកកម្ពុជា៖
១) ការបម្រើសេវាវិស័យសុខាភិបាល ក៏ដូចជាវិស័យចក្ខុសាស្រ្ត ត្រូវតែមានភាពទន់ភ្លន់ គោរពឱ្យបាននូវក្រមសីលធម៌គ្រូពេទ្យ ដើម្បីឱ្យអ្នកជំងឺទទួលបាននូវជំនឿទុកចិត្ត និងការព្យាបាលដែលមានគុណភាព សុវត្ថិភាព ប្រសិទ្ធភាពប្រកបដោយសមធម៌ ដើម្បីលើកដម្កើងសេវាសុខាភិបាលក្នុងស្រុក។
២) ទទួលជនចាស់ជរា ជនពិការ ប្រជាជនមានកម្រិតជីវភាពខ្វះខាត អោយទទួលបានសេវាព្យាបាលទាន់ពេលវេលា។
៣) ត្រូវបន្តយកចិត្តទុកដាក់លើការការពារសុខភាពភ្នែក ជូនដល់ប្រជាជន តាមការផ្សព្វផ្សាយ ការអប់រំសុខភាពភ្នែកឱ្យបានដល់សហគមន៍ ទីជនបទដាច់ស្រយាលតាមរូបភាពផ្សេងៗ ដូចជា ការចែកខិត្តបណ្ណ ទស្សនាវដ្តី ការផ្សាយតាមវិទ្យុ-ទូរទស្សន៍ និងបណ្តាញសង្គមនានា ដើម្បីអប់រំប្រជាជនឱ្យមានការយល់ដឹងពីបញ្ហាភ្នែក ជួយទប់ស្កាត់ភាពពិការភ្នែក។
៤) បន្ត និងជំរុញការបណ្តុះបណ្តាលជំនាញថ្មីៗដល់សមាជិក សមាជិកា ក្នុងការលើកកម្ពស់ការយល់ដឹង តាមរយៈសិក្ខាសាលាបណ្តុះបណ្តាល និងតាមការជួយរកអាហារូបករណ៍ ឱ្យដល់សមាជិកសមាជិការបស់ខ្លួន ដើម្បីក្រេបយកចំណេះដឹងថ្មីៗ និងបទពិសោធន៍នៅក្នុងប្រទេស និងនៅក្រៅប្រទេស។
លោកសាស្រ្តាចារ្យ ក៏បានកោតសរសើរដល់សមាគមគ្រូពេទ្យភ្នែកកម្ពុជា ដែលបានសហការល្អគ្នាទាំងផ្នែកបច្ចេកទេស ក៏ដូចជាក្នុងភារកិច្ចវិជ្ជាជីវៈផងដែរ។ ឯកឧត្តមសាស្រ្តាចារ្យ ណែនាំដល់គ្រូពេទ្យ យកចំណេះដឹង ក៏ដូចជាបទពិសោធល្អៗ មកធ្វើបទបង្ហាញ និងផ្លាស់ប្តូរយោបល់គ្នា ដើម្បីពង្រីកចំណេះដឹងឱ្យកាន់តែទូលំទូលាយ៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ កែវ ភារុណ