មនុស្សរាប់ពាន់នាក់ក្នុងទីក្រុងប៉ារីស ចេញតវ៉ាសេចក្ដីព្រាងថវិកាឆ្នាំ ២០២៦ ដែលស្នើដោយរដ្ឋាភិបាលបារាំង
បារាំង៖ មនុស្សប្រហែលមួយពាន់នាក់បាននាំគ្នាដើរដង្ហែរក្បួននៅទីក្រុងប៉ារីស ដើម្បីតវ៉ាប្រឆាំងនឹងសេចក្តីព្រាងថវិកាឆ្នាំ ២០២៦ ដែលស្នើឡើងដោយរដ្ឋាភិបាលបារាំង។ ក្រុមអ្នកតវ៉ា បានទាមទារប្រាក់ឈ្នួលខ្ពស់ លក្ខខណ្ឌការងារល្អប្រសើរ និងការកំណត់អាយុចូលនិវត្តន៍ត្រឡប់មកត្រឹមអាយុ ៦០ ឆ្នាំវិញ ខណៈសេចក្ដីព្រាងថវិកានេះ កំណត់អាយុចូលនិវត្តន៍ចន្លោះពី ៦២ ទៅ ៦៤ឆ្នាំ។ ការតវ៉ានេះ មានការចូលរួមពីសហជីពជាច្រើន ហើយក៏បានកើតឡើងផងដែរក្នុងអំឡុងមានកំណើននៃភាពតានតឹងនៅក្នុងសង្គម ។
មេដឹកនាំសហជីពបានចោទប្រកាន់អាជ្ញាធរថាបានរារាំងដល់ការដង្ហែរក្បួន និងបង្កហេតុដល់មនុស្សម្នាដែលចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ។ លោក អាម៉ា ឡាហ្កា (Amar Lagha) មកពីសហជីពកម្មករ CGT បានលើកឡើងថា ច្បាប់ថវិកានេះបានធ្វើឱ្យប៉ះពាល់ដល់បុគ្គលិកកម្មករ ដោយអះអាងថា ក្រុមហ៊ុននានាទទួលបានប្រាក់ចំណេញកាន់តែច្រើន ខណៈបុគ្គលិកប្រឈមមុខនឹងការកាត់បន្ថយការងារទៅវិញ ។
លោក យ៉ាសស៊ើរ អាកាមី (Yasser Akarmi) ដែលជាអ្នកនាំពាក្យសហជីពមួយរូបផ្សេងទៀត បាននិយាយថា កម្មករកំពុងតស៊ូដើម្បីទទួលបាននូវលក្ខខណ្ឌប្រសើរជាងមុន ប្រាក់ខែខ្ពស់ និងប្រព័ន្ធចូលនិវត្តន៍ប្រកបដោយយុត្តិធម៌។ លោកបានសង្កត់ធ្ងន់ថា បញ្ហាអាយុចូលនិវត្តន៍នៅតែមិនទាន់ដោះស្រាយបាន ហើយសហជីពនឹងបន្តជំរុញឱ្យមានការផ្លាស់ប្តូរ ។
គួររម្លឹកថា ការតវ៉ានេះ គឺជាផ្នែកមួយនៃសកម្មភាពតវ៉ានៅទូទាំងប្រទេសដែលរៀបចំដោយសហជីព CGT, FO និង FSU។ ក្រុមអ្នករិះគន់សេចក្ដីព្រាងច្បាប់ និយាយថា ថវិកាឆ្នាំ ២០២៦ នេះបង្កើនការចំណាយលើវិស័យការពារជាតិ ប៉ុន្តែត្រូវបែរមកកាត់បន្ថយសេវាសំខាន់ៗដូចជា សុខភាព ការអប់រំ និងការគាំទ្រសង្គម ដែលបង្កឱ្យមានភាពតានតឹងកាន់តែច្រើនដល់កម្មករ និងសេវាសាធារណៈ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ VIORY/ other sources.