ព័ត៌មានអន្តរជាតិ

លោកប្រធានាធិបតីត្រាំ ប្រកាសពីកិច្ចព្រមព្រៀងសន្តិភាព និងសេដ្ឋកិច្ចថ្មីមួយរវាងកុងហ្គោ និងរវ៉ាន់ដា

image


សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសពីកិច្ចព្រមព្រៀងសន្តិភាព និងសេដ្ឋកិច្ចថ្មីមួយរវាងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) និងប្រទេសរវ៉ាន់ដា។ ពិធីចុះហត្ថលេខា បានធ្វើឡើងនៅឯរដ្ឋធានីវ៉ាស៊ីនតោន នៅក្នុងវិទ្យាស្ថានសន្តិភាព ដូណាល់ ចន ត្រាំ ដោយមានវត្តមានចូលរួមពីប្រធានាធិបតីកុងហ្គោ លោក ហ្វីលិច ស៊ីសេខេឌី (Felix Tshisekedi) និងប្រធានាធិបតីរ៉វ៉ាន់ដា លោក ផល កាហ្គាមី (Paul Kagame) ។
នៅក្នុងព្រឹត្តិការណ៍នោះ លោក ត្រាំ បានលើកឡើងថា សហរដ្ឋអាម៉េរិកនឹងបញ្ជូនក្រុមហ៊ុនអាម៉េរិកធំៗ ដើម្បីជួយអភិវឌ្ឍធនធានរ៉ែ និងរ៉ែកម្រនៅក្នុងប្រទេសទាំងពីរ។ លោកបានបន្ថែមទៀតថា ក្រុមហ៊ុនអាម៉េរិកទាំងនោះនឹងបង់ប្រាក់សម្រាប់ធនធានកម្រៗទាំងអស់ ហើយអះអាងដែរថា «អ្នករាល់គ្នានឹងរកប្រាក់ចំណូលបានកាន់តែច្រើន» ។
ជាការពិត កិច្ចព្រមព្រៀងនេះបានចុះហត្ថលេខារួចមកហើយកាលពីខែមិថុនាដោយរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ (កុងហ្គោ-រ៉វ៉ាន់ដា) ប៉ុន្តែក្រោយមកភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថាបានរំលោភបំពានលើកិច្ចព្រមព្រៀងសន្តិភាព។ ហេតុការណ៍នេះបានកើតឡើងខណៈដែលមានការប្រយុទ្ធគ្នាជាបន្តបន្ទាប់រវាងកងកម្លាំងរដ្ឋាភិបាលកុងហ្គោ (DRC) និងក្រុមប្រដាប់អាវុធដែលកុងហ្គោ និយាយថាគាំទ្រដោយរវ៉ាន់ដា ប៉ុន្តែត្រូវរវ៉ាន់ដាបដិសេធ ។
ទោះជាបែបណាក្ដី កិច្ចព្រមព្រៀងថ្មីនេះ មានគោលបំណងគាំទ្រដល់សន្តិភាព ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ, រវ៉ាន់ដា និងសហរដ្ឋអាម៉េរិក ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ Evan Vucci via Reuters/ Moses Sawasawa/ Evan Vucci via AP