ព័ត៌មានជាតិ

ធនាគារ វីង របស់អ្នកឧកញ៉ា គិត ម៉េង និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហការជំរុញការប្រើប្រាស់ មុខងារទូទាត់តាមមធ្យោ បាយអេឡិចត្រូនិក (e-Payment)

image


ភ្នំពេញ៖ នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលធនាគារ វីង មានរៀបចំពីធីចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគ យល់គ្នាស្តីពីកិច្ចសហការជំរុញការប្រើប្រាស់មុខងារទូទាត់តាមមធ្យោបាយអេឡិចត្រូនិក (e-Payment) រវាង អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងធនាគារ វីង (ខេមបូឌា) ម.ក ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ព្រមទាំងវត្តមានចូលរួមពីសមាគមធុរកិច្ច, ថ្នាក់ដឹកនាំធនាគារ វីង មន្ត្រីគយនិងរដ្ឋាករ និងភ្ញៀវកិត្តិយជាច្រើនរូប ផងដែរ។
ថ្លែងក្នុងឱកាសនោះ អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ពីការចូលរួមចំណែករបស់ធនាគារ វីង ក្នុងការ អភិវឌ្ឍប្រទេសជាតិ តាមរយៈការសហការជិតស្និទ្ធជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីធ្វើឱ្យការបង់ពន្ធ និងអាករ ចូលថវិកាជាតិ អាចដំណើរការប្រកដោយប្រសិទ្ធភាព។
អ្នកឧកញ៉ា គិត ម៉េង មានប្រសាសន៍ទៀតថា ការចុះអនុស្សរណៈនៃការយោគ- យល់គ្នានាឱកាសនេះ គឺជាការបោះជំហានថ្មី ដើម្បីជួយសម្រួលឱ្យប្រតិបត្តិការបង់ពន្ធ-អាករ របស់ធុរជន កាន់តែមានភាពងាយស្រួល រហ័ស និងមានសុវត្ថិភាពបន្ថែមទៀត។
ជាមួយគ្នានេះផងដែរ ដើម្បីចូលរួម គាំទ្រដល់បរិយាកាសធុរកិច្ចនៅកម្ពុជា អ្នកឧកញ៉ា ក៏បានប្រកាសអំពីការផ្តល់នូវ “កម្រិតឥណទាន” ដែលមានបរិមាណរហូតដល់ ២០០លានដុល្លារអាម៉េរិក មិនគិតអត្រាការប្រាក់រហូតដល់ទៅ ៥ថ្ងៃ ដល់ធុរជន ដែលបង់ប្រាក់ពន្ធ-អាករ ជូនអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយប្រើប្រាស់មុខងារទូទាត់តាមមធ្យោបាយ អេឡិចត្រូនិកជាមួយធនាគារ វីង។
ថ្លែងមតិចំណាប់អារម្មណ៍នៅក្នុងកម្មវិធីនេះ ឯកឧត្តមបណ្ឌិត គុណ ញឹម បានគូសរំលេចពីការ ខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងការចាប់យកប្រព័ន្ធបច្ចេកវិទ្យាដើម្បីគាំទ្រដល់ កិច្ចប្រតិបត្តិការរបស់រដ្ឋបាលគយ ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយផ្នែកឯកជន ស្របតាមចក្ខុវិស័យរបស់ខ្លួន ក្នុងការប្រែក្លាយស្ថាប័នគយ ឱ្យកាន់តែទំនើប សំដៅចូលរួមលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម ក៏ដូចជា បរិយាកាសធុរកិច្ចនៅកម្ពុជា។ ជាក់ស្តែង មុខងារ e-Payment ដែលត្រូវបានដាក់ឱ្យអនុវត្តចាប់តាំងពីឆ្នាំ ២០១៨ មក ត្រូវបានបន្តពង្រីកជាបន្តបន្ទាប់ ដែលគិតមកទល់ពេលនេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករ កម្ពុជាមានធនាគារជាដៃគូចំនួន ១០ស្ថាប័ន ដែលចូលរួមអនុវត្តមុខងារនេះ។ មុខងារ e-Payment អនុញ្ញាតឱ្យធុរជនអាចបង់ពន្ធដោយមានភាពងាយស្រួល ឆាប់រហ័ស ចំណេញពេលវេលា ប្រកបដោយ សុវត្ថិភាពខ្ពស់ ក៏ដូចជាជៀសវាងការភាន់ច្រឡំចំនួនប្រាក់ពន្ធ និងលេខគណនីធនាគារជាយថាហេតុ។
ឯកឧត្តមបណ្ឌិត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ព្រមទាំងបានថ្លែងអំណរគុណដល់ធនាគារ វីង ដែល មានគំនិតផ្តួចផ្តើមឱ្យមានឥណទានជូនដល់ធុរជនសម្រាប់បង់ប្រាក់ពន្ធ-អាករ ដែលប្រមូលដោយអគ្គនាយក- ដ្ឋានគយនិងរដ្ឋាករកម្ពុជា ព្រមទាំងការសហការរៀបចំអនុស្សរណៈនៃការយោគយល់គ្នាជាមួយអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា ដើម្បីជំរុញការប្រើប្រាស់ e-Payment ឱ្យកាន់តែទូលំទូលាយ។
តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង ធនាគារ វីង នឹងលើកកម្ពស់កិច្ចសហការក្នុងការជំរុញការប្រើប្រាស់មុខងារ e-Payment ដល់ធុរជន, សហការចែករំលែក ចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ និងសុវត្ថិភាពប្រព័ន្ធ, ក៏ដូចជាបង្កើតឱ្យមានក្រុម ការងារបច្ចេកទេស ដើម្បីគាំទ្រ និងដោះស្រាយបញ្ហានានាផងដែរ។
សម្រាប់ធុរជនដែលចង់ជ្រាបព័ត៌មានបន្ថែមអំពី “កម្រិតឥណទាន” សូមទាក់ទងមកការិយាល័យ ធនាគារ វីង ដោយផ្ទាល់ឬក៏ហ្វេសប៊ុកផ្លូវការរបស់ធនាគារ វីង៕
អត្ថបទ៖ ចេង ឆហួត រូបភាព៖ លឹម មុនី និង វង្ស ឧត្តម