ទិវាបង្ហោះខ្លែងឯកអនុស្សាវរីយ៍ភូមិត្រពាំងទឹម ខេត្តព្រៃវែង រៀបចំឡើងដើម្បីថែរក្សាកេរដំណែលវប្បធម៌ខ្មែរ និងបណ្តុះស្មារតីស្រឡាញ់វប្បធម៌ជាតិ ទៅដល់យុវជន
ព្រៃវែង៖ ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្តនិងពុទ្ធបរិស័ទចំណុះជើងវត្តពោធិរង្សីហៅវត្តត្រពាំងទឹមនៅថ្ងៃទី៤-៥ ខែធ្នូ ឆ្នាំ២០២៥បានរៀបចំពីធីបង្ហោះខ្លែងឯកអនុស្សាវរីយ៍ភូមិត្រពាំងទឹម ដែប្រព្រឹត្តទៅក្រោមអធិបតីភាពលោក សាយ ឬទ្ធី ក្រុមការងារចល័តចុះមូលដ្ឋានខេត្តព្រៃវែង និងលោក មាស ច័ន្ទរិទ្ធ ក្រុមការងារចល័តចុះមូលដ្ឋានខេត្តព្រៃវែង ស្ថិតនៅវត្តពោធិរង្សី (ហៅវត្តត្រពាំងទឹម) ភូមិត្រពាំងទឹម នៅឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។
លោក សាយ ឬទ្ធី មានប្រសាសន៍ថាទិវាអបអរសាទរបង្ហោះខ្លែងឯកអនុស្សាវរីយ៍ភូមិត្រពាំងទឹមនេះ មានគោលបំណងធំបំផុតគឺការថែរក្សាលើកស្ទួយនិងផ្សព្វផ្សាយនូវទំនៀមទម្លាប់ប្រពៃណី វប្បធម៌ខ្មែរ ដែលមានតាំងពីយូរលង់ណាស់មកហើយ ជាពិសេសគឺសិល្បៈនៃការបង្ហោះ "ខ្លែងឯក" ដែលជាកេរ្តិ៍ដំណែលអរូបីដ៏មានតម្លៃរបស់ជាតិ។
ឯកឧត្តម បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរនិងប្រជាពលរដ្ឋខេត្តព្រៃវែងដែលបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សាវប្បធម៌នេះ។ លោកថាខ្លែងឯកមិនត្រឹមតែជាល្បែងកម្សាន្តនោះទេប៉ុន្តែវាគឺជាការឆ្លុះបញ្ចាំងពីជំនឿស្មារតីសាមគ្គីនិងភាពប៉ិនប្រសប់របស់បុព្វបុរសខ្មែរ។ ក្នុងនោះក៏មានការសម្តែងបង្ហោះខ្លែងឯកជាលក្ខណៈប្រពៃណីដែលមានសំឡេង"ឯក"របស់ខ្លែងល្វើយលឺខ្ទរខ្ទារក្នុងបរិយាកាសដ៏ត្រជាក់។
ព្រឹត្តិការណ៍នេះពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះស្មារតីស្រឡាញ់វប្បធម៌ជាតិទៅដល់យុវជនជំនាន់ក្រោយ។
សូមបញ្ជាក់ថា៖ការបង្ហោះខ្លែងឯកអនុស្សាវរីយ៍ភូមិត្រពាំងទឹមនេះមានចំនួន ២ថ្ងៃ គឺថ្ងៃទី០៤-០៥ ខែឆ្នូ ឆ្នាំ២០២៥ដោយមានខ្លែងឯកចំនួន ៧០ ខ្លែងចូលរួមប្រកួតប្រជែង។
ក្នុងឱកាសនៃការអញ្ជើញបិទទិវាអបអរសាទរបង្ហោះខ្លែងឯកអនុស្សាវរីយ៍ភូមិត្រពាំងទឹម លោកផ្តល់រង្វាន់ដល់ម្ចាស់ខ្លែងឯក (លេខ១) ថវិកាចំនួន ៣០ មុឺនរៀល។
២.ម្ចាស់ខ្លែងឯក (លេខ២) ថវិកាចំនួន ២០ មុឺនរៀល
៣.ម្ចាស់ខ្លែងឯក (លេខ៣) ថវិកាចំនួន ១៥ មុឺនរៀល
៤.ម្ចាស់ខ្លែងឯក (លេខ៤) ថវិកា១០ មុឺនរៀល
៥.ម្ចាស់ខ្លែងឯក (លេខ៥) ថវិកា១០ មុឺនរៀល
និងខ្លែងដែលមិនបានទទួលលទ្ធផលក្នុងចំនួន២ ម៉ឺនរៀល៕
អត្ថបទ៖ មិន ភក្តី