មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ ឆ្នាំ២០២៦ កម្ពុជាគ្រោងសងបំណុលចាស់ ៦៦០លានដុល្លារ ខណៈបំណុលសាធារណៈសរុប អាចនឹងកើនដល់ ១៦ពាន់លានដុល្លារ នៅដំណាច់ឆ្នាំនេះ
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា មានគម្រោងបែងចែកថវិកាប្រមាណ ៦៦០លានដុល្លារអាម៉េរិក សម្រាប់សងបំណុលចាស់ ខណៈបំណុលសាធារណៈរបស់កម្ពុជា ត្រូវបានរំពឹងថា នឹងអាចកើនដល់ប្រមាណ ១៥ ទៅ ១៦ពាន់លានដុល្លារអាម៉េរិក នៅដំណាច់ឆ្នាំនេះ។
ថ្លែងក្នុងវេទិកាសាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាជាតិឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុធី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាលកម្ពុជា បានបង្កើនពិដានកម្ចីប្រមាណ២០០០លាន SDR ទៅ ២២៥០លាន SDR ឬប្រមាណជាង ៣ពាន់លានដុល្លារអាម៉េរិក ក្នុងនោះកម្ចីក្នុងស្រុកតាមរយៈបោះផ្សាយលក់មូលបត្ររដ្ឋប្រមាណ ៥២៤លានដុល្លារអាម៉េរិក និងកម្ចីក្រៅប្រទេសប្រមាណជាង ២ពាន់លានដុល្លារអាម៉េរិក។
លោកបានលើកឡើងថា ការកំណត់ពិដានកម្ចីនេះ គឺគ្រាន់តែជាគម្រោងតែប៉ុណ្ណោះ ប៉ុន្តែជាក់ស្តែងរាជរដ្ឋាភិបាល អាចនឹងខ្ចីមិនដល់ចំនួននេះក៏ថាបាន។ បើទោះបីជាមានការកើនឡើងនៃបំណុលសាធារណៈក៏ដោយ លោករដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា បំណុលសាធារណៈរបស់កម្ពុជា នៅតែស្ថិតក្នុងកម្រិតសុវត្ថិភាព និងអាចគ្រប់គ្រងបាន ដោយមានប្រហែល ២៧% ទៅ ២៨% នៃផលិតផលក្នុងស្រុកសរុប (GDP) ដែលត្រូវបានចាត់ទុកថា មានហានិភ័យទាប។
យោងតាមរបាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា គិតមកដល់ដំណាច់ឆ្នាំ២០២៥ បំណុលសាធារណៈរបស់កម្ពុជា បានកើនដល់ជាង ១៣ពាន់លានដុល្លារអាម៉េរិក។ ក្នុងនោះបំណុលសាធារណៈក្នុងប្រទេសចំនួន ២៤៧លានដុល្លារអាម៉េរិក និងបំណុលក្រៅប្រទេសជាង ១២ពាន់លានដុល្លារអាម៉េរិក។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តប្រកបដោយភាពម៉ឺងម៉ាត់ និងប្រយ័ត្នប្រយែងខ្ពស់នូវ វិធានការជាយុទ្ធសាស្ត្រនានា ដែលបានដាក់ចេញក្នុងយុទ្ធសាស្ត្រ ស្តីពីការគ្រប់គ្រងបំណុល សាធារណៈជាបន្តបន្ទាប់ ជាពិសេសគោលការណ៍គន្លឹះទាំង ៥ សំដៅបន្តពង្រឹងប្រសិទ្ធភាពខ្ពស់ ទាំងការគ្រប់គ្រងបំណុលសាធារណៈ និងទាំងការគ្រប់គ្រងការវិនិយោគសាធារណៈ រួមមាន៖ ១៖ ខ្ចីឥណទានក្នុងទំហំសមស្រប ដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន ២៖ ខ្ចីតែឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះ ៣៖ ខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម ៤៖ ប្រើប្រាស់ឥណទាន ប្រកបដោយតម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព, និងស័ក្តិសិទ្ធភាព ខ្ពស់បំផុត និង ៥៖ ប្រើប្រាស់ឥណទានសម្រាប់ហិរញ្ញប្បទានគម្រោងវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលត្រូវមានស្តង់ដា និងគុណភាពខ្ពស់ ស្របតាមគោលការណ៍នៃការគ្រប់គ្រង ការវិនិយោគសាធារណៈ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍជាតិ នៅក្នុងដំណាក់កាលថ្មី ពិសេសធានាបាន នូវចីរភាពសេដ្ឋកិច្ច, សង្គម, បរិស្ថាន, និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ៕