ព័ត៌មានអន្តរជាតិ

ចោរកម្មស្រុកថៃ! ចោរម្នាក់ប្លន់ម៉ូតូអ្នកស្រុក ហើយជិះទៅប្លន់មាសប្រហែល ២០ តម្លឹងក្នុងផ្សារទំនើបនៅក្រុងហាតយ៉ៃ រួចគេចខ្លួនបាត់

image


សុងខ្លា, ថៃឡង់ដ៍៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពប្លន់យកមាសអស់ជាង ៦០បាត(ខ្នាតមាសនៅថៃ) ឬប្រហែល ២៤តម្លឹងនិងជិត៤ជី ពីហាងគ្រឿងអលង្ការដ៏ល្បីមួយក្នុងផ្សារទំនើបនៅក្រុងហាតយ៉ៃ រួចគេចខ្លួនបាត់ស្រមោល។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃរដ្ឋ (Thairath English) កាលពីថ្ងៃទី៣ ខែកុម្ភៈ ។

យោងតាមប្រភពពីសារព័ត៌មានដដែលនេះ បញ្ជាក់ថា ជនសង្ស័យខាងលើ បានធ្វើសកម្មភាពប្លន់យកម៉ូតូរបស់អ្នកភូមិម្នាក់នៅស្រុកណាមុំ (Na Mom) ជាមុនសិន រួចក៏បានជិះម៉ូតូនោះទៅបន្តធ្វើសកម្មភាពប្លន់ហាងមាសបន្ថែមទៀត ។

កាលពីម៉ោង ៦៖៥០ នាទីល្ងាច ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ មន្ត្រីនគរបាលប៉ុស្តិ៍ខូហុង (Kho Hong) បានទទួលសេចក្ដីរាយការណ៍អំពីករណីប្លន់ហាងមាស "ប៊ូរ៉ាផា" (Burapha) ដែលស្ថិតក្នុងផ្សារទំនើបមួយកន្លែង ក្នុងស្រុកហាតយ៉ៃ ខេត្តសុងខ្លា ។

តាមការពិនិត្យកាមេរ៉ាសុវត្ថិភាពបឋម បង្ហាញថា ជនសង្ស័យបានចូលទៅធ្វើសកម្មភាពម្នាក់ឯង រួចផ្លោះចូលក្នុងបញ្ជរ និងបានប្រើញញួរវាយបំបែកទូកញ្ចក់ រួចប្រមូលយកខ្សែកមាសសរុបប្រហែល ២៤តម្លឹងនិងជិត៤ជី។ ជនសង្ស័យមានពាក់មួកសុវត្ថិភាពពណ៌ខ្មៅ និងអាវធំពណ៌ខ្មៅ ក្រោយប្លន់រួច ក៏បានជិះម៉ូតូម៉ាក ហុងដាវ៉េវ (Honda Wave) គេចខ្លួនយ៉ាងលឿន ។

ជុំវិញករណីនេះ អាជ្ញាធរកំពុងបន្តការស៊ើបអង្កេត និងពិនិត្យកាមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុ និងតាមផ្លូវគេចខ្លួនបន្ថែមទៀត ដើម្បីតាមចាប់ជនសង្ស័យ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ Thairath English