ព័ត៌មានជាតិ

ក្រសួងកិច្ចការនារី និងធនាគារពិភពលោក កំណត់អាទិភាពពង្រីកកិច្ចសហការយុទ្ធសាស្ត្រក្នុងអនាគត ក្នុងនោះរួមបញ្ចូលទាំងការពារអំពើហិង្សាយេនឌ័រ និងឌីជីថល

image



ភ្នំពេញ៖ លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានទទួលជួប និងពិភាក្សាការងារជាមួយលោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហការជាយុទ្ធសាស្ត្រ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងភាពអង់អាចដល់ស្រ្តី។

ក្នុងជំនួបនេះ បានលើកឡើងពីការរួមចំណែកកន្លងមក របស់ធនាគារពិភពលោក ក្នុងការងារបញ្ជ្រាបយេនឌ័រ ការរៀបចំគោលការណ៍ ស្តីពីការបង្កើតទារកដ្ឋានក្នុងវិស័យសាធារណៈ និងការងារទប់ស្កាត់ អំពើហិង្សាទាក់ទងនឹងយេនឌ័រ។ នៅក្នុងនោះ កិច្ចពិភាក្សា ក៏បានបង្ហាញ អំពីអាទិភាព និងយុទ្ធសាស្ត្រជាតិ និងក្របខ័ណ្ឌជាសកលទាក់ទងនឹងយេនឌ័រ។

ស្ថាប័នទាំងពីរបានកំណត់អាទិភាព ដើម្បីពិនិត្យមើលលើលទ្ធភាពពង្រីកកិច្ចសហការយុទ្ធសាស្ត្រ ក្នុងអនាគត រួមមាន៖ ការពារអំពើហិង្សាយេនឌ័រនិងឌីជីថល, ការពង្រីកវិសាលភាពនិងនិរន្តរភាព ក្នុងការដំណើរការទារកដ្ឋាន, សហគ្រិនភាពនិងជំនាញសម្រាប់ស្រ្តី, ថវិកាឆ្លើយតបយេនឌ័រ ការតាមដាននិងវាយតម្លៃ និងសុខុមាលភាពស្ត្រី និងគ្រួសារ៕

អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ កែវ ភិរុណ