មន្ត្រីរុស្ស៊ី ជួបមេដឹកនាំមីយ៉ាន់ម៉ា ពិភាក្សាពីការសាងសង់រោងចក្រអគ្គិសនី និងបំពង់បង្ហូរប្រេងនៅមីយ៉ាន់ម៉ា
មីយ៉ាន់ម៉ា៖ លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក ស៊ើហ្គី សយហ្គ៊ូ (Sergei Shoigu) បានអញ្ជើញដាក់កម្រងផ្កានៅវិមានអនុស្សាវរីយ៍យុទ្ធជនពលី និងបានជួបពិភាក្សាជាមួយប្រធានាធិបតីស្ដីទីមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) នៅឯរដ្ឋធានីណៃពិដោ កាលពីថ្ងៃអង្គារ ។
បើតាមលោក សយហ្គូ (Shoigu) លើកឡើងថា ភាគីទាំងពីរបានជជែកគ្នាលើបញ្ហាសន្តិសុខជាច្រើន រួមមានកិច្ចសហប្រតិបត្តិការយោធា និងបច្ចេកទេស ព្រមទាំង «ការបណ្ដុះបណ្ដាលបុគ្គលិកលើផ្នែកសន្តិសុខ វេជ្ជសាស្ត្រ សន្តិសុខអ៊ីនធឺណិត និងសន្តិសុខថាមពល» ។
លោកបន្ថែមថា «ប្រតិភូនៃប្រជាជាតិទាំងពីរ កំពុងជជែកគ្នាយ៉ាងលម្អិតជាមួយស្ថាប័នអវកាសរ៉ូសខូស្មូស (Roscosmos) លើកិច្ចសហការផ្សេងៗ រួមទាំងប្រព័ន្ធផ្កាយរណប និងការបណ្ដុះបណ្ដាលជំនាញប្រើប្រាស់ទិន្នន័យផ្កាយរណបសម្រាប់តម្រូវការប្រចាំថ្ងៃរបស់ប្រទេសជាតិ។ ក្រៅពីនេះ ក៏មានជជែកពីបញ្ហាសន្តិសុខដឹកជញ្ជូន និងថាមពល ពាក់ព័ន្ធនឹងការអភិវឌ្ឍ និងការសាងសង់មជ្ឈមណ្ឌលថាមពលថ្មីៗ ដូចជា រោងចក្រអគ្គិសនីដើរដោយកម្ដៅ (ធ្យូងថ្មឬឧស្ម័ន) បំពង់បង្ហូរប្រេង និងឧស្ម័ន និងជាពិសេសគឺកំពង់ផែ» ។
លោក សយហ្គូ (Shoigu) ក៏បានលើកឡើងដែរថា ការបោះឆ្នោតសភាដែលបានប្រព្រឹត្តទៅនៅមីយ៉ាន់ម៉ា មានការរៀបចំបានល្អណាស់ ហើយលោកក៏បានពាំនាំនូវការអបអរសាទរពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពុទីន ផងដែរ ។
ដោយឡែក លោក មីន អ៊ុងឡាំង បានបង្ហាញការសាទរ និងការចាប់អារម្មណ៍ខ្លាំងលើការជួយជ្រោមជ្រែងពីសំណាក់រុស្ស៊ី ជាពិសេសលើ •វិស័យថាមពល និងហេដ្ឋារចនាសម្ព័ន្ធ, វិស័យបច្ចេកវិទ្យាទំនើប និងវិស័យការពារជាតិ ដែលលោកចង់បង្ហាញថា «មីយ៉ាន់ម៉ាកំពុងបើកទ្វារចំហរទទួលយកការជួយជ្រោមជ្រែងពីមហាអំណាចរុស្ស៊ី» ដើម្បីជួយស្ដារសេដ្ឋកិច្ច និងពង្រឹងសន្តិសុខរបស់ខ្លួន ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ VIORY