ព័ត៌មានជាតិ

CMAC រកឃើញគ្រាប់បែកចង្កោមមិនទាន់ផ្ទុះ ១២០គ្រាប់ ដែលយោធាថៃឈ្លានពានថៃ នៅភូមិសាស្ត្រខេត្តបន្ទាយមានជ័យ

image



បន្ទាយមានជ័យ៖​ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា​ គិតត្រឹមថ្ងៃទី៤​ ខែកុម្ភៈ​ ឆ្នាំ២០២៦​ មន្ត្រីជំនាញបានរកឃើញគ្រាប់បែកចង្កោម​ មិនទាន់ផ្ទុះចំនួន ១២០គ្រាប់ ដែលយោធាថៃឈ្លានពាន​ បានផ្លោងមកលើភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។​ នេះបេីយោងតាមការឱ្យដឹងពី​ លោកឧត្តមសេនីយ៍ត្រី នេត រដ្ឋា ប្រធានកងឯកភាពកំចាត់មីនទី១ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ធ្វើបទបង្ហាញទីតាំងរងផលប៉ះពាល់ដោយសារទម្ងន់គ្រាប់ផ្លោង និងគ្រាប់ទម្លាក់ពីយន្តហោះ រួមទាំងគ្រាប់បែកចង្កោមរបស់យោធាថៃ មកលើតំបន់ស៉ីវិលកម្ពុជា ស្ថិតនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦។

លោកឧត្ដមសេនីយ៍ត្រី នេត រដ្ឋា បានបញ្ជាក់ថា ចាប់ពីថ្ងៃទី២៨ ខែធ្នូ​ ឆ្នាំ២០២៥ ដល់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦​ ការរកឃើញគ្រាប់បែកចង្កោម ដែលផ្លោងដោយយោធាថៃ មកលើភូមិសាស្ត្រខេត្តបន្ទាយមានជ័យ គឺមានចំនួនច្រើន​ ហេីយប្រភេទគ្រាប់បែកចង្កោមមិនទាន់ផ្ទុះ ដែលនៅរាយប៉ាយនៅលើដីលំនៅឋាន ទីសាធារណៈ និងស្រែចម្ការរបស់ប្រជាពលរដ្ឋ ដែលផ្លោង​ និងបំបែកចេញពីគ្រាប់ប្រភេទ M46 និង M85។​ គ្រាប់បែកចង្កោមដែលមិនទាន់ផ្ទុះទាំងដែលបានរកឃេីញត្រូវបានប្រមូលទុក ដោយធ្វេីការហ៊ុំព័ទ្ធខ្សែ និងដាក់សញ្ញាគ្រោះថ្នាក់ មុនសុំគោលការណ៍អនុញ្ញាតទៅរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកម្ទេចចោល ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលជាអ្នកភូមិ និងជាអ្នកប្រកបរបរធ្វើស្រែចម្ការ។

បើតាមមន្ត្រីជំនាញរូបនេះ​ថា​ ផលប៉ះពាល់នៃគ្រោះថ្នាក់ពីសំណល់សង្រ្គាមដែលបង្កឡើងដោយយោធាថៃនេះ មានទំហំធំធេងដោយសារតែឥទ្ធិពលនៃការផ្ទុះ និងអម្បែងរបស់វាខ្លាំងជាងគ្រាប់មីនទ្វេដង​ ខណៈចំនួនគ្រាប់ដែលមិនទាន់ផ្ទុះ និងធ្លាក់រាយប៉ាយនៅតាមទីតាំងជាច្រើនទៀត មិនទន់រកឃើញនៅឡើយ។​ ជាមួយនឹងសកម្មភាពរុករកគ្រាប់បែកចង្កោមដែលយោធាថៃ បាញ់ស្រោចមកលើទឹកដីកម្ពុជា កម្លាំងជំនាញស៊ីម៉ាក់ បានប្រើប្រាស់បច្ចេកទេសគ្រឿងចក្រស្រូបឆក់គ្រាប់បែកចង្កោមជាសំណល់គ្រាប់មិនទាន់ផ្ទុះរបស់យោធាថៃ ដោយខ្លះត្រូវបានបន្សាប ប៉ុន្តែមានគ្រាប់បែកចង្កោមខ្លះ មានការផ្ទុះខ្លាំងមិនអាចបន្សាបបាន។

ចំពោះមេគ្រាប់​បែក​ចង្កោមជាច្រើនគ្រាប់ ក៏ត្រូវ​បាន​អាជ្ញាធរប្រទះឃើញ​ក្នុង​ជម្រៅ​ដី​ជិត២ម៉ែត្រ​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ៥៨ ក្បែរស្ពាន​កំបុត​ក្នុងស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ​ តាម​ផ្លូវ​ពី​បឹងត្រកួន​ ទៅ​ប្រាសាទ​តាមាន់។
មេ​គ្រាប់បែកដ៏​គ្រោះថ្នាក់​នេះមានទំហំ ១៥៥មីលីម៉ែត្រ មាន​ឈ្មោះ NR 269 ដែលជាមេគ្រាប់ (ម្ដាយ​គ្រាប់) ប្រភេទ M46 ផលិតនៅប្រទេសអ៉ីស្រាអែល។ គ្រាប់នេះត្រូវបានរកឃើញនៅចំណុចភូមិ​អូរ​កំបុត្រ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមាន​ជ័យ ជាសំណល់ដែលបន្សល់ទុក​ដោយ​យោធា​សៀមដែល​បាញ់​ចូលក្នុង​ទឹកដី​កម្ពុជា ​ក្នុង​សង្រ្គាម​ឈ្លាន​ពាន​កាល​ពី​ខែធ្នូ ឆ្នាំ២០២៥ ហើយត្រូវ​ក្រុមស្រាវជ្រាវ​​ចុះទៅ​ពិនិត្យនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦។

មេគ្រាប់បែកចង្កោមនេះមានមុខកាត់ ១៥៥មីលីម៉ែត្រ និងបណ្ដោយប្រហែល ៧០មីលីម៉ែត្រ។ នៅពេលដែល​​ដំណើរការផ្ទុះ វានឹងបញ្ចេញ​កូនគ្រាប់ចំនួន ៤៩គ្រាប់ ចេញពីក្នុងខ្លួន។ ក្នុងចំណោមកូនគ្រាប់​ទាំងនោះ ខ្លះអាចនឹងផ្ទុះ​ និងខ្លះទៀតមិន​ផ្ទុះ។ ចំពោះកូនគ្រាប់ដែលមិនទាន់ផ្ទុះនឹងក្លាយទៅជាមីន ដែលបង្កគ្រោះថ្នាក់​យ៉ាងខ្លាំង​ប្រសិន​បើមាន​មនុស្ស​ដើរ​ជាន់ ឬប៉ះពាល់ដោយអចេតនា។

ទន្ទឹមនេះមន្ត្រីស៊ីម៉ាក់ ក៏បានណែនាំដល់ប្រជាពលរដ្ឋគ្រប់រូបកុំប៉ះពាល់គ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទ។ ក្នុងករណី ប្រជាពលរដ្ឋជួបវត្ថុសង្ស័យ​ ត្រូវកុំប៉ះពាល់ ហើយត្រូវរាយការណ៍ទៅអាជ្ញាធរដែលនៅកៀកបំផុត។ ចំពោះប្រជាពលរដ្ឋភៀសសឹកទាំងអស់ដែលបានវិលត្រលប់ចូលលំនៅឋាននៅតាមតំបន់រងផលប៉ះពាល់ដោយសារគ្រាប់ផ្លោងរបស់យោធាឈ្លានពានថៃ ត្រូវប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលស្ថិតនៅរាយប៉ាយពាសពេញដី​ នៅតាមដីភូមិឋានស្រែចម្ការ​ ពិសេសនៅតំបន់ប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា​ និងថៃ​ នៅខេត្តជាប់ព្រំដែន៕