ព័ត៌មានអន្តរជាតិ

ហុងគ្រី ជំរុញអឺរ៉ុបឱ្យដកទណ្ឌកម្មលើរុស្ស៊ី ដើម្បីដោះស្រាយវិបត្តិសាំងឡើងថ្លៃ

image

ហុងគ្រី៖ ប្រទេសហុងគ្រី បានរិះគន់យ៉ាងធ្ងន់ៗទៅលើសហភាពអឺរ៉ុប ចំពោះការបន្តរក្សាទណ្ឌកម្មលើវិស័យថាមពលរបស់រុស្ស៊ី ចំពេលដែលពិភពលោកកំពុងជួបវិបត្តិប្រេងឡើងថ្លៃ។ រដ្ឋាភិបាលហុងគ្រី អះអាងថា គោលនយោបាយរបស់ខ្លួនដែលបន្តនាំចូលប្រេង និងឧស្ម័នពីរុស្ស៊ី បានធ្វើឱ្យប្រជាពលរដ្ឋហុងគ្រី អាចប្រើប្រាស់សាំងក្នុងតម្លៃថោកជាងគេបំផុតនៅក្នុងប្លុកអឺរ៉ុបទាំងមូល ។

ហុងគ្រី បានច្រានចោលសំណើរបស់គណៈកម្មការអឺរ៉ុប ដែលចង់ឱ្យមានការរឹតត្បិតការប្រើប្រាស់យានយន្ត និងការធ្វើដំណើរដូចសម័យកាលកូវីដ-១៩ ដើម្បីដោះស្រាយការខ្វះខាតប្រេង។ សម្រាប់ហុងគ្រី ការដាក់ចេញនូវវិធានការសន្សំសំចៃបែបបង្ខំនេះ គឺជាការដើរថយក្រោយ និងមិនសមហេតុផលឡើយ ខណៈដែលដំណោះស្រាយពិតប្រាកដ គឺស្ថិតលើការបើកចំហទីផ្សារថាមពលជាមួយរុស្ស៊ីឡើងវិញ ។

ស្ថានភាពកាន់តែដុនដាបនៅតំបន់មជ្ឈិមបូព៌ា ជាពិសេសការរអាក់រអួលនៅច្រកសមុទ្រ Hormuz និងការគំរាមកំហែងនៅសមុទ្រក្រហម បានធ្វើឱ្យការផ្គត់ផ្គង់ប្រេងសកលធ្លាក់ក្នុងហានិភ័យខ្ពស់។ ហុងគ្រីបានព្រមានថា ប្រសិនបើផ្លូវទឹកសំខាន់ៗទាំងនេះនៅតែមានជម្លោះ ហើយអឺរ៉ុបនៅតែបន្តបិទផ្លូវនាំចូលពីសហភាពសូវៀតចាស់ តាមបំពង់ប្រេងឌ្រូស្បា (Druzhba) នោះវិបត្តិថាមពលនៅអឺរ៉ុបនឹងមិនអាចជៀសផុតឡើយ ។

ហុងគ្រី បានអំពាវនាវឱ្យសហភាពអឺរ៉ុបផ្លាស់ប្តូរជំហរនយោបាយ ដោយងាកមកផ្ដោតលើសន្តិសុខថាមពលជាក់ស្ដែង ជាជាងការបន្តកាន់ជើងអ៊ុយក្រែនរហូត ធ្វើឱ្យខូចផលប្រយោជន៍សេដ្ឋកិច្ចផ្ទាល់ខ្លួន។ ទីក្រុងប៊ូដាប៉េស ជឿជាក់ថា សន្តិសុខថាមពលរបស់អឺរ៉ុបអាចធានាបាន លុះត្រាតែមានការសម្រុះសម្រួលផ្នែកការទូត ដើម្បីឱ្យប្រភពថាមពលពីរុស្ស៊ី អាចហូរចូលមកក្នុងទីផ្សារអឺរ៉ុបឡើងវិញជាធម្មតា ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ VIORY | រូបភាព៖ VIORY/ (Norlys Perez/Reuters)/ gtreview on Microsoft Bing