ព័ត៌មានអន្តរជាតិ

អេហ្ស៉ីប មានបំណងប្រែក្លាយទៅជាមជ្ឈមណ្ឌលចែកចាយគ្រាប់ធញ្ញជាតិ និងថាមពលរបស់រុស្ស៊ីទៅកាន់តំបន់អាហ្វ្រិក និងមជ្ឈិមបូព៌ា

image

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពុទីន កាលពីថ្ងៃទី២ ខែមេសា បានទទួលស្វាគមន៍រដ្ឋមន្ត្រីការបរទេសអេហ្ស៉ីប លោក ប៊ែត អាប់ឌែលឡាទី (Badr Abdelatty) ដោយបានបង្ហាញជំហរពង្រឹងចំណងមិត្តភាពជាមួយប្រទេសអេហ្ស៉ីប តាមរយៈការដាក់ចេញនូវគំនិតផ្ដួចផ្ដើមបង្កើតមជ្ឈមណ្ឌលស្បៀងអាហារ និងថាមពល។ ផែនការនេះ មានបំណងប្រែក្លាយអេហ្ស៉ីប ឱ្យទៅជាមជ្ឈមណ្ឌលកណ្ដាលសម្រាប់ចែកចាយគ្រាប់ធញ្ញជាតិ និងថាមពលរបស់រុស្ស៊ីទៅកាន់តំបន់អាហ្វ្រិក និងមជ្ឈិមបូព៌ា ដោយវានឹងជួយដោះស្រាយវិបត្តិសន្តិសុខស្បៀងដែលពិភពលោកកំពុងព្រួយបារម្ភ ។

ក្រៅពីវិស័យកសិកម្ម ភាគីទាំងពីរ បានបង្ហាញវឌ្ឍនភាពគួរឱ្យកត់សម្គាល់លើគម្រោងធំៗចំនួនពីរ គឺការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ អ៊ែលដាបា (El Dabaa) និងការបង្កើតតំបន់ឧស្សាហកម្មរុស្ស៊ីនៅក្នុងប្រទេសអេហ្ស៉ីប។ លោក ពុទីន បញ្ជាក់ថា មានក្រុមហ៊ុនរុស្ស៊ីធំៗជាង ១០ បានត្រៀមខ្លួនរួចជាស្រេចក្នុងការបោះទុនវិនិយោគ ដែលនេះនឹងជួយជំរុញសេដ្ឋកិច្ចអេហ្ស៉ីបឱ្យកាន់តែរឹងមាំ និងបង្កើតការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋក្នុងស្រុក ។

ពាក់ព័ន្ធនឹងស្ថានភាពនយោបាយសកល មេដឹកនាំរុស្ស៊ី បានលើកឡើងពីការវិវឌ្ឍនៃសង្គ្រាមនៅមជ្ឈិមបូព៌ា ដោយរុស្ស៊ី ក៏បានបង្ហាញការត្រៀមខ្លួនក្នុងការសហការជាមួយអេហ្ស៉ីប ដើម្បីធ្វើអន្តរាគមន៍ឱ្យស្ថានការណ៍ត្រឡប់មកមានស្ថិរភាពឡើងវិញ ព្រោះអេហ្ស៉ីបគឺជាតួអង្គការទូតដ៏មានឥទ្ធិពលបំផុតមួយនៅក្នុងតំបន់ជម្លោះនេះ ។

ជំនួបនៅទីក្រុងមូស្គូនេះ គឺជាសញ្ញានៃការរឹតបន្តឹងសម្ព័ន្ធភាពរវាងមហាអំណាចទាំងពីរ ចំពេលដែលពិភពលោកកំពុងជួបវិបត្តិថាមពល និងស្បៀងអាហារ។ ការត្រៀមខ្លួនចូលរួមកិច្ចប្រជុំកំពូល រុស្ស៊ី-អាហ្វ្រិក នៅខែតុលាខាងមុខ នឹងក្លាយជាវេទិកាសំខាន់មួយទៀតសម្រាប់អេហ្ស៉ីប និងរុស្ស៊ី ក្នុងការបង្ហាញពីសាមគ្គីភាព និងយុទ្ធសាស្ត្រសេដ្ឋកិច្ចរួមគ្នា ដើម្បីទប់ទល់នឹងសម្ពាធពីខាងក្រៅ និងពង្រឹងភាពម្ចាស់ការលើធនធានក្នុងតំបន់ ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ VIORY