ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការរៀបចំសង្រ្កាន្តឆ្នាំនេះ ផ្សារភ្ជាប់ការដឹងគុណ និងកៀរគរធនធាន ដើម្បីគាំទ្រដល់កងទ័ពជួរមុខ

image

កំពង់ស្ពឺ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះពង្រឹងខេត្តកំពង់ស្ពឺ បានលើកឡើងថា ការរៀបចំសង្រ្កាន្តអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ ធ្វើឡើងដោយផ្សារភ្ជាប់ជាមួយការដឹងគុណ និងការកៀរគរធនធានដើម្បីគាំទ្រដល់កងទ័ពជួរមុខដែលបានលះបង់សាច់ស្រស់ឈាមស្រស់ និងពលីក្នុងបុព្វហេតុការពារជាតិមាតុភូមិបូរណភាពទឹកដី និងសេចក្តីសុខសាន្តរបស់ប្រជាជន។ ការលើកឡើងដូចនេះក្នុងឱកាសជួបសំណេះសំណាល និងថ្លែងអំណរគុណដល់កងកម្លាំងទាំង៥ប្រភេទដែលមានមូលដ្ឋានក្នុងក្របខណ្ឌខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ស្ពឺ។

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានឱ្យដឹងថា សង្ក្រាន្តឆ្នាំនេះសម្រាប់ខេត្តកំពង់ស្ពឺរៀបចំធ្វើរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៦ ដើម្បីឱ្យប្រជាពលរដ្ឋបានកម្សាន្តសប្បាយជាមួយល្បែងប្រជាប្រិយដែលបុព្វបុរសបន្សល់ទុក មានដូចជា ចោលឈូង លាក់កន្សែង បោះអង្គុញ ទាញព្រ័ត្រជាដើម ប៉ុន្តែមិនអនុញ្ញាតឱ្យលេងបាញ់ទឹក ប៉ាតម្សៅឡើយ ដើម្បីបំផុសឱ្យយុវជន យុវនារីជំនាន់ក្រោយបានចូលរួមលេង និងស្គាល់ពីល្បែងប្រជាប្រិយខ្មែរ ហើយអាជ្ញាធរត្រូវរៀបចំក្រុមការងារសម្របសម្រួលលើការងារនេះ។

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានណែនាំដល់កងកម្លាំងត្រូវយកចិត្តទុកដាក់ពង្រឹងការការពារសន្តិសុខ និងសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកលេងកម្សាន្តនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ។

ពិសេសជាងនេះដែរ លោកក៏បានអំពាវនាវដល់កងកម្លាំងទាំងអស់ត្រូវរួបរួមសាមគ្គីគ្នាឯកភាពផ្ទៃក្នុង ជឿជាក់និងគាំទ្រលើការដឹកនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្តី ខណៈរាជរដ្ឋាភិបាលបានចាត់ទុកសន្តិភាព ការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងអាយុជីវិតប្រជាពលរដ្ឋជាកិច្ចការអាទិភាព ហើយត្រូវចាំថា បើយើងខ្លាំងនោះគេមិនអាចមើលងាយ ឬជាន់ឈ្លីយើងទេ៕

អត្ថបទ៖ ប៊ុត សារុន