អតីតយុទ្ធជនខេត្តកណ្តាល ៥០គ្រួសារ បានចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ដើម្បីទៅរស់នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតនៅឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង
កណ្តាល៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់វីរយុទ្ធជនដែលបានលះបង់ដើម្បីបុព្វហេតុជាតិមាតុភូមិ, សមាគមអតីតយុទ្ធជនកម្ពុជា បានរៀបចំពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនដល់អតីតយុទ្ធជនខេត្តកណ្តាល ចំនួន ៥០គ្រួសារ ដើម្បីទៅរស់នៅលើទីតាំងដីសម្បទានសង្គមកិច្ចថ្មី ស្ថិតនៅភូមិអូរកាឌុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នៅសាលាខេត្តកណ្តាល។
ពិធីនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោក ផារ៉ា មង្គល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និង លោក គួច ចំរើន អភិបាលខេត្តកណ្ដាល ។ ដំណើរការនៃការចាប់ឆ្នោត ត្រូវបានធ្វើឡើងយ៉ាងមានសណ្តាប់ធ្នាប់ និងតម្លាភាពបំផុត ដើម្បីធានាថា គ្រួសារអតីតយុទ្ធជននីមួយៗ ទទួលបានទីតាំងដី និងផ្ទះដោយយុត្តិធម៌ និងគ្មានការរើសអើង។
មានប្រសាសន៍ក្នុងឱកាស លោក គួច ចំរើន បានថ្លែងថា “សមាជិកសមាជិការរបស់យើងមានសេចក្តីត្រូវការរហូតជាង ១០០គ្រួសារ តែក្រោមកិច្ចខិតខំប្រឹងប្រែងយើងដោះស្រាយបាន ៥០គ្រួសារចំពោះមុខ ដែលធ្វើពិធីចាប់ឆ្នោតនាពេលនេះ។ ថ្វីត្បិតតែប្រទេសរបស់យើង កំពុងប្រឈមមុខជាមួយការឈ្លៀនពានរបស់ថៃ និងសភាពការណ៍ផ្សេងៗទៀត តែការរៀបចំនេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា នេះជាការគិតគូររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជារបស់យើង។”
លោកអភិបាលខេត្ត បានបន្តថា ទឹកចិត្តរបស់ថ្នាក់ដឹកនាំតែងនៅជាប់ជានិច្ចជាមួយអតីតយុទ្ធជន។ ថ្ងៃនេះ អតីតយុទ្ធជនទាំង ៥០គ្រួសារ ទទួលបានដីឡូត៍នឹងផ្ទះដែលត្រូវចែក ដែលមានទំហំ ៧០ម៉ែត្រគុណនឹង ១៥០ម៉ែត្រ សម្រាប់អតីតយុទ្ធជនដែលចេញពីខេត្តកណ្តាល ដែលក្រុមការងារ បានបោះបង្គោលព្រំច្បាស់លាស់ និងមានលេខក្បាលដី។
លោកបានបន្ថែមថា ការផ្ដល់ដី និងផ្ទះនេះ មិនមែនគ្រាន់តែជាការផ្ដល់ទីជម្រកប៉ុណ្ណោះទេ ប៉ុន្តែគឺជាការតបស្នងសងគុណចំពោះគុណបំណាច់ដ៏ថ្លៃថ្លារបស់អតីតយុទ្ធជន និងសូមខិតខំបង្កបង្កើនផលដើម្បីជីវភាពរបស់នៅប្រចាំថ្ងៃ។ លោក ក៏បានលើកទឹកចិត្តឱ្យបន្តរួមសុខរួមទុក្ខនឹងគ្នា និងរក្សាស្មារតីជួយយកអាសាគ្នាទៅវិញទៅមក ព្រមទាំងចូលរួមសហការជាមួយ អាជ្ញាធរមូលដ្ឋាន ស្រុកសាមគ្គីមានជ័យ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ស្របតាមគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព»។
មានប្រសាសន៍ក្នុងឱកាសនោះ លោក ផារ៉ា មង្គល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីឱ្យមានយុត្តិធម៌ តម្លាភាព ទើបក្រុមការងារធ្វើពិធីចាប់ឆ្នោតនេះឡើង ដើម្បីមានសិទ្ធស្មើគ្នា។ ការផ្តល់លំនៅឋាននេះ មិនមែនគ្រាន់តែផ្តល់ដំបូលផ្ទះប៉ុណ្ណោះទេ ប៉ុន្តែគឺជាកិត្តិយស សេចក្តីថ្លៃថ្នូររបស់អតីតយុទ្ធជន ដែលធ្លាប់កាន់អាវុធការពារជាតិ។
លោករដ្ឋលេខាធិការ សង្ឃឹមថា អតីតយុទ្ធជនទាំង ៥០គ្រួសារនឹងមានភាពសប្បាយរីករាយ ជាពិសេសត្រៀមខ្លួនទៅរស់នៅបង្កើតមុខរបរឱ្យបានកាន់តែប្រសើររុងរឿង។ តាងនាមក្រសួងរៀបចំដែនដី ក្រុមការងារ នឹងបន្តសហការជាមួយអាជ្ញាធរខេត្ត ដើម្បីរៀបចំនិតិវិធីជាបន្តបន្ទាប់ នៅពេលបានផ្ទះបានដី។ លោកស្នើសូម អតីតយុទ្ធជនទាំង ៥០គ្រួសារ ថែរក្សាផ្ទះ និងដី ឱ្យបានគង់វង្សយូរអង្វែង ព្រោះវាកើតចេញពីការលះបង់។
បើតាមរបាយការណ៍របស់លោក នៃ និយម អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការ អ.ន.ក ខេត្តកណ្តាល បានបញ្ជាក់ថា កន្លងមក សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកណ្តាល បានទទួលដីសម្បទានសង្គមកិច្ច និងផ្ទះរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជូនគ្រួសារអតីតយុទ្ធជនជា សមាជិក អ.ន.ក ចំនួន ០៧គ្រួសារ ក្នុងនោះ ទៅរស់នៅខេត្តឧត្តរមានជ័យ ០៣គ្រួសារ, ខេត្តកំពង់ឆ្នាំង ០២គ្រួសារ, ខេត្តស្វាយរៀង ០២គ្រួសារ។ដោយឡែកក្នុងឆ្នាំ២០២៦ សមាគមបានទទួលដីសម្បទានសង្គមកិច្ច និងផ្ទះ របស់សមាគម អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ចំនួន ៥០គ្រួសារ ស្ថិតនៅភូមិអូរកាឌុប ឃុំក្រាំងល្វា ស្រុក សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលរៀបចំពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍នាពេលនេះ៕
អត្ថបទ៖ ឈុន សុភ័ក្រ