ព័ត៌មានជាតិ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ សហគ្រិន និងវិស័យឯកជន គឺជាកាតាលីករជំរុញដ៏សំខាន់ និងជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល

image

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បញ្ជាក់ថា ដំណើរការនៃសង្គមជាតិទាំងមូល ត្រូវការគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងនោះសហគ្រិន និងវិស័យឯកជន គឺជាកាតាលីករជំរុញដ៏សំខាន់ និងជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល ដែលបានចូលរួមចំណែកក្នុងការកសាងនិងអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

ការបញ្ជាក់ឱ្យដឹងបែបនេះរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសន្និបាតប្រចាំឆ្នាំ និងពិធីផ្ទេរតំណែងប្រធានក្រុមប្រឹក្សាភិបាលអាណត្តិថ្មីរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) នៅសណ្ឋាគារ Hyatt Regency នាល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។

កម្មវិធីនេះ មានការអញ្ជើញចូលរួមពីលោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី, អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា, តំណាងក្រុមប្រឹក្សាសហគមវ័យក្មេងអាស៊ាន និងដៃគូសហការប្រមាណ ៣០០នាក់។

ថ្លែងទៅកាន់អង្គពិធី, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានអបអរសាទរដល់ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលអាណត្តិថ្មីទាំងអស់ ដែលទទួលបានការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដើម្បីបន្តភារកិច្ចដឹកនាំសមាគមសម្រាប់អាណត្តិថ្មី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់ នៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា ចំពោះការខិតខំប្រឹងប្រែងលះបង់កម្លាំងកាយចិត្ត និងធនធាន ប្រកបដោយទំនួលខុសត្រូវខ្ពស់សម្រេចបាននូវសមិទ្ធផល និងបន្សល់ទុកនូវស្នាដៃជាច្រើនសម្រាប់ជាគំរូដល់សហគ្រិនវ័យក្មេងដទៃទៀត។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់សមាគមសហគ្រិន វ័យក្មេងកម្ពុជា ក៏ដូចជាបណ្តាក្រុមហ៊ុនឯកជននានា ឱ្យបន្តបេសកកម្មដ៏ល្អប្រពៃរបស់ខ្លួន ក៏ដូចជាគិតគូរបន្ថែមលើគំនិតផ្តួចផ្តើមថ្មីៗសម្រាប់ជាប្រយោជន៍ជូនជាតិផងដែរ។

ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម ហ៊ុន ម៉ានី ដែលឯកឧត្តមតែងតែគាំទ្រ និងលើកទឹកចិត្តដល់សមាគម ក្នុងការបំពេញបេសកកម្មរបស់ខ្លួន នាពេលកន្លងមក។ ជាមួយគ្នានេះ លោកឧកញ៉ាបានបន្ថែមថា ការអញ្ជើញចូលរួមជាបន្តបន្ទាប់របស់ឯកឧត្តម គឺជាកាយវិការនៃការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះវិស័យឯកជន ដែលជាដៃគូរបស់រាជរដ្ឋាភិបាល និងជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ។

ក្នុងឱកាសនោះ ឧកញ៉ា ស គីណាល់ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាអាណត្តិថ្មី បានបង្ហាញក្ដីសោមមស្សរីករាយ និងបានថ្លែងអំណរគុណចំពោះសមាជិក សមាជិកា សមាគមសហគ្រិនវ័យក្មេងទាំងអស់ដែលបានផ្ដល់សេចក្ដីទុកចិត្តបោះឆ្នោតជូនឧកញ៉ា ក្នុងការបំពេញបេសកកម្មបន្តពីឧកញ៉ា ប៉ិច បូឡែន។ ឧកញ៉ា ស គីណាល់ ក៏បានប្ដេជ្ញាចិត្តក្នុងការបន្តខិតខំប្រឹងប្រែង ដើម្បីនាំមកនូវសមិទ្ធផលថ្មីៗបន្ថែមទៀតសម្រាប់សមាគម និងសម្រាប់សង្គមជាតិទាំងមូល៕

អត្ថបទ៖ ចេង ឆហួត រូបភាព៖ លឹម មុនី, អ៊ុន ផាន់ណាត