ព័ត៌មានជាតិ

មនុស្ស៥នាក់រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តព្រូសបុករះ ម៉ូតូ៦គ្រឿង និងកង់បីឥណ្ឌា២គ្រឿង នៅក្រោមស្តុប ដេអិន

image

ភ្នំពេញ៖ មនុស្ស៥នាក់រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តព្រូសបុករះ ម៉ូតូ៦គ្រឿង និងកង់បីឥណ្ឌា២គ្រឿង នៅក្រោមស្តុប ដេអិន សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោងជិត ១២ថ្ងៃត្រង់ ថ្ងៃទី៤មេសា ឆ្នាំ២០២៦។


យោងតាមប្រភពពីនារីរងគ្រោះម្នាក់ ក្នុងចំណោមអ្នករងគ្រោះផ្សេងទៀត បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូហុងដាឌ្រីមស៊េ១២៥ តាមបណ្តោយមហាវិថីកម្ពុជាក្រោម ទិសដៅពីលិចទៅកើត គោលបំណងទៅធ្វើការ ។ លុះមកដល់ស្តុបដេអិន គាត់ក៏បានឈប់ម៉ូតូរង់ចាំភ្លើងសញ្ញាចរាចរណ៍ ដែលមានពណ៌ក្រហម ខណៈម៉ូតូ និងកង់បីជាច្រើនគ្រឿងទៀត កំពុងឈប់ទន្ទឹមជាមួយគាត់។ ភ្លាមៗនោះ ស្រាប់តែមានរថយន្ត១គ្រឿង ម៉ាកតូយូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2BN-0056 បើកបរដោយនារីម្នាក់ រួមដំណើរដោយនារីម្នាក់ទៀត បើកបរស្របទិសគ្នា។

លុះមកដល់ស្តុប រថយន្តមិនបានឈប់ទេ បែជាបន្ថែមល្បឿន បុករះម៉ូតូ៦គ្រឿង កង់បីឥណ្ឌា២គ្រឿង រួមទាំងខ្ទាតទៅប៉ះរថយន្ត១គ្រឿងទៀត។ ហេតុការណ៍នេះបានបង្កឱ្យមានមនុស្សរបួសធ្ងន់ស្រាលប្រមាណ៥នាក់ ក្នុងនោះបុរសអ្នកបើកកង់បីឥណ្ឌាម្នាក់ រងរបួសធ្ងន់ខ្លាំង ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។


នារីរងគ្រោះម្នាក់បានរៀបរាប់ថា ក្រោយបុករួច នារីម្នាក់ដែលជិះរថយន្តបង្ក បាននិយាយថាអស់ប៉ុន្មានចាំគាត់សង។ បន្ទាប់មកគេឃើញមានសមត្ថកិច្ចមកនាំភាគីបង្កទៅប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរនាំ និងអនុវត្តបន្ត។


ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្តបង្ក និងយានជំនិះរងគ្រោះទាំងអស់ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្ត និងភាគីរងគ្រោះ ចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់ នៅពេលក្រោយ៕
អត្ថបទ៖ រដ្ឋ រង្សី