អ្នកជំនាញ ជំរុញឱ្យម្ចាស់អាជីវកម្មគ្រួសារ គួរងាកមកការធ្វើបរិវត្តកម្មឌីជីថលសហគ្រាស ដើម្បីពន្លឿនការចាប់យកឌីជីថលរបស់ម្ចាស់អាជីវកម្ម ដោយផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ
ភ្នំពេញ៖ អ្នកជំនាញជំរុញឱ្យម្ចាស់អាជីវកម្មគ្រួសារ គួរងាកមកការធ្វើបរិវត្តកម្មឌីជីថលសហគ្រាស ដើម្បីពន្លឿនការចាប់យកឌីជីថលរបស់ម្ចាស់អាជីវកម្ម ដោយផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដែលអនុញ្ញាតឱ្យម្ចាស់អាជីវកម្មអាចចាប់យកការប្រើប្រាស់ដំណោះស្រាយឌីជីថល និងទទួលបានការបណ្តុះបណ្តាលក្នុងការប្រើប្រាស់ដំណោះស្រាយឌីជីថលទាំងនោះនៅក្នុងប្រតិបត្តិការអាជីវកម្ម។
ថ្លែងក្នុងសិក្ខាសាលាពិសេសមួយស្តីពី «ពីអាជីវកម្មខ្នាតតូច ទៅកាន់ភាពជោគជ័យ៖ ការពង្រឹងមូលដ្ឋានគ្រឹះ និងការត្រៀមខ្លួនសម្រាប់យុគសម័យឌីជីថល» លោកបណ្ឌិត រតន៍ សិទ្ធិ ព្រឹទ្ធបុរសមហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ បានលើកឡើងថា សិក្ខាសាលានេះ មានគោលបំណងលើកកម្ពស់ការចាប់យកឌីជីថល តាមរយៈការផ្តល់ការលើកទឹកចិត្តដល់ម្ចាស់អាជីវកម្ម ក្នុងការចាប់យកការប្រើប្រាស់ដំណោះស្រាយឌីជីថលនៅក្នុងប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ, សម្រួលបន្ទុកហិរញ្ញវត្ថុដោយកាត់បន្ថយបន្ទុកហិរញ្ញវត្ថុក្នុងដំណាក់កាលដំបូងដែលជាកត្តារារាំងដល់ម្ចាស់ អាជីវកម្ម ក្នុងការចាប់យកការប្រើប្រាស់ដំណោះស្រាយឌីជីថល និងឆ្លើយតបនឹងភាពស្ទាក់ស្ទើរក្នុងការចាប់ផ្តើមដំណើរបរិវត្តកម្មឌីជីថល, ការកសាង និងអភិវឌ្ឍសមត្ថភាពដល់ម្ចាស់អាជីវកម្ម ដោយផ្តល់ការបណ្តុះបណ្តាលក្នុងការកសាង និងអភិវឌ្ឍជំនាញឌីជីថល ដោយរួមបញ្ចូលនៅក្នុងកញ្ចប់ដំណោះស្រាយឌីជីថល ដែលផ្តល់ដោយអ្នកផ្តល់ដំណោះស្រាយឌីជីថលនៃកម្មវិធីបរិវត្តិកម្មឌីជីថលសហគ្រាស។
លោកបណ្ឌិត គូសបញ្ជាក់ថា ភាពជឿនលឿននៃបច្ចេកវិទ្យាថ្មីៗ និងការផ្លាស់ប្តូរបែបឌីជីថលយ៉ាងឆាប់រហ័ស បានធ្វើឱ្យប្រទេសជាច្រើនចាប់ផ្តើមធ្វើគោលនយោបាយតម្រង់ទិសទៅការទទួលយកបច្ចេកវិទ្យាឌីជីថលមកប្រើប្រាស់ ដើម្បីអភិវឌ្ឍសេដ្ធកិច្ច។ ដោយសារតែបច្ចុប្បន្នភាពយើងត្រូវបានហ៊ុំព័ទ្ធដោយឧបករណ៍បច្ចេកវិទ្យាទំនើបៗ វាចាំបាច់ទាមទារឲ្យមនុស្សគ្រប់រូបមានសមត្ថភាព ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយប្រសិទ្ធភាព ដើម្បីអាចលើកកម្ពស់កម្រិតជីវភាពរបស់យើងនៅក្នុងសម័យឌីជីថល។
លោក អ៊ុយ សុខមាស និស្សិតជំនាន់ទី១ បរិញ្ញាបត្រជាន់ខ្ពស់ជំនាញគ្រប់គ្រងអាជីវកម្មលក្ខណៈគ្រួសារ (FAB) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) បានលើកឡើងថា នៅក្នុងសម័យឌីជីថល គឺជាចំណេះដឹងមួយដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសមត្ថភាពបុគ្គល ក៏ចូលរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមឌីជីថល។ សកម្មភាពសេដ្ឌកិច្ចបែបប្រពៃណី ត្រូវបានជំនួសដោយសេដ្ឋកិច្ចបែបឌីជីថល ដែលជាទម្រង់ជឿនលឿន និងស្ទើរតែពឹងផ្អែកទាំងស្រុងលើភាពផ្សាភ្ជាប់គ្នារវាងមនុស្ស បច្ចេកវិទ្យា និងអាជីវកម្ម។
លោកសង្កត់ធ្ងន់ថា ឌីជីថលអនុញ្ញាតឱ្យសហគ្រិនដែលមានចំណេះដឹងផ្នែកឌីជីថល អាចកែលម្អអាជីវកម្ម និងលើកកម្ពស់អាជីវកម្មរបស់ពួកគេតាមវិធីសាស្រ្តជាច្រើន។ ឧទាហរណ៍ ការធ្វើពាណិជ្ជកម្មតាមរយះ E-commerce។ អាជីវកម្មខ្នាតតូច និងមធ្យម ដែលទើបនឹងចាប់ផ្តើមជាច្រើន បានប្រើប្រាស់ប្រព័ន្ធឌីជីថល ដូចជា គេហទំព័រពាណិជ្ជកម្ម ប្រព័ន្ធបណ្តាញសង្គម ដូចជា Facebook Instagram និង TikTok ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម ដើម្បីទៅដល់ទស្សនិកជនទូទាំងពិភពលោកដោយចំណាយថវិការទាប។
លើសពីនេះ លោក ជំរុញសហគ្រិនធ្វើនាវានុវត្តន៍ភាពរបស់អាជីវកម្មឲ្យកាន់តែប្រសើរឡើងផងដែរ តាមរយៈការធ្វើនវានុវត្តន៍អាជីវកម្មអាស្រ័យទៅលើគំនិតច្នៃប្រឌិត និងប្រសិទ្ធភាពនៃការប្រើប្រាស់បច្ចេកវិទ្យាថ្មី ដើម្បីចាប់យកឱកាសទីផ្សារ។
លោក បន្ថែមថា ភាពជាសហគ្រិនល្អក្នុងសេដ្ឋកិច្ចឌីជីថល តម្រូវឱ្យសហគ្រិនមានចំណេះដឹងផ្នែកឌីជីថល ដើម្បីជួយពួកគេដើរទាន់ទីផ្សារបច្ចុប្បន្ន និងជំរុញឲ្យការគ្រប់គ្រងអាជីវកម្មរបស់ពួកគេមានដំណើរការស្របទៅនឹងបរិបទទីផ្សារថ្មី ស្របពេលដែលវាជាតម្រូវការដ៏ចាំបាច់បំផុតសម្រាប់បុគ្គលគ្រប់រូប ជាពិសេសសហគ្រិនដែលមានគោលដៅពង្រឹងអាជីវកម្មនៅក្នុងសង្គមឌីជីថលនាពេលបច្ចុប្បន្ន។
សូមបញ្ជាក់ថា មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) បានរៀបចំសិក្ខាសាលាពិសេសមួយស្តីពី៖ ពីអាជីវកម្មខ្នាតតូច ទៅកាន់ភាពជោគជ័យ៖ ការពង្រឹងមូលដ្ឋានគ្រឹះ និងការត្រៀមខ្លួនសម្រាប់យុគសម័យឌីជីថល ដើម្បីការចែករំលែកដោយផ្ទាល់ពីម្ចាស់អាជីវកម្មក្នុងស្រុកពីការលំបាក និងវិធីដោះស្រាយពេលចេញរកស៊ីដំបូង, មេរៀនសង្ខេបការចុះសិក្សាជាក់ស្តែងពីបញ្ហាប្រឈមរបស់អាជីវកម្មគ្រួសារក្នុងការគ្រប់គ្រង និងស្វែងរកទីផ្សារ, គន្លឹះងាយៗ ក្នុងការប្រើប្រាស់បណ្តាញសង្គមដើម្បីទាក់ទាញអតិថិជន និងការរៀបចំបញ្ចីស្នាម-ពន្ធដារឲ្យបានត្រឹមត្រូវដោយគ្រូជំនាញពោរពេញដោយបទពិសោធន៍ផងដែរ៕
អត្ថបទ៖ ចេង ឆហួត រូបភាព៖ អេង សុគុណ