ព័ត៌មានជាតិ

ករណីមន្ត្រីនគរបាលព្រំដែនខេត្តកោះកុងបាញ់មនុស្សស្លាប់ម្នាក់ និងរបួសម្នាក់​ សមត្ថកិច្ចជំនាញកំណត់តម្រុយបានហេីយ​ និងឈានដល់ការចាប់ខ្លួនក្នុងពេលឆាប់ៗនេះ

image

កោះកុង៖​ មានករណីបាញ់មនុស្សស្លាប់ម្នាក់ និងរបួសម្នាក់ ស្ថិតនៅ ភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង​ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។ មកដលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦​ សមត្ថកិច្ចមិនទាន់ចាប់ជនសង្ស័យបាននៅឡេីយទេ។ ករណីនេះ​មានការអះអាងថា​ បង្កឡើងដោយជនសង្ស័យឈ្មោះ សាយ សាន្ត ជាមន្ត្រីនគរបាលព្រំដែន ប្រើកាំភ្លើង AK បាញ់ចំនួន៤គ្រាប់ បណ្តាលឲ្យមានអ្នករងរបួសធ្ងន់​ ១នាក់ និងស្លាប់១នាក់ កាលពីវេលាម៉ោង ៣:៣៥នាទី​ ដោយសារផឹកស៊ីទាស់ពាក្យសំដីគ្នា។

ទាក់ទងនឹងករណីឃាតកម្មដ៏សាហាវនេះ​ ស្នងការនគរបាលខេត្តកោះកុង លោកឧត្តមសេនីយ៍ទោ គង់ មនោ បានឱ្យដឹងថា​ សមត្ថកិច្ចកំពុងតែតាមចាប់ខ្លួនជនសង្ស័យហេីយ​ដោយកម្លាំងសមត្ថកិច្ចមានតម្រុយហើយ នឹងចាប់ខ្លួនបានក្នុងពេលឆាប់ៗនេះ។

សូមបញ្ជាក់ថា​ ជនរងគ្រោះទាំង២នាក់​ ឈ្មោះ គីម សុវណ្ណគីរី ហៅដេត ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង (របួសធ្ងន់)​ និងឈ្មោះ សុខ ដារ៉ា ភេទប្រុស អាយុ២៨ ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិស្ទឹងវែង​ សង្កាត់ស្ទឹងវែង (ស្លាប់នៅនឹងកន្លែង)៕