ព័ត៌មានជាតិ

អាជ្ញាធររាជធានីភ្នំពេញ បើកយុទ្ធនាការបាញ់សម្លាប់មូសខ្លា ក្នុងមូលដ្ឋានខណ្ឌទាំង១៤ និងតាមសហគមន៌នានាទូទាំងរាជធានីភ្នំពេញ

image

ភ្នំពេញ៖ យុទ្ធនាការបាញ់សម្លាប់មូសខ្លា ក្នុងមូលដ្ឋានខណ្ឌទាំង១៤ និងតាមសហគមន៍នានាទូទាំងរាជធានីភ្នំពេញ ដោយក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រុមការងារកងកម្លាំងកងពលតូចលេខ៧០(ង៧០) និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ រួមនឹងអាជ្ញាធរខណ្ឌទាំង១៤។

លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា អនុវត្តតាមការណែនាំពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលមានការយកចិត្តទុកដាក់ និងគិតគូរបញ្ហាសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញនាថ្ងៃទី៤​ខែមេសា ឆ្នាំ២០២៦ យុទ្ធនាការបាញ់សម្លាប់មូសខ្លា ក្នុងមូលដ្ឋាននៅរាជធានីភ្នំពេញ ដោយក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយ ក្រុមការងារកងពលតូច លេខ៧០«ង៧០» បានចុះធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មូសទាំងថ្ងៃទាំងយប់នៅក្នុងមូលដ្ឋានខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ និងតាមសហគមន៍នានាទូទាំងរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា កន្លងមក លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំដល់ក្រុមការងារបាញ់ថ្នាំសម្លាប់មូសឱ្យយកចិត្តទុកដាកើបាញតាមលំនៅដ្ឋានប្រជាពលរដ្ឋពិសេសនៅតាមប្រឡាយ លូ បានកើតមូសយ៉ាងច្រើន បង្កឱ្យមានហានិភ័យចំពោះសុខមាលភាពប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌទាំង១៤ បានសម្តែងនូវទឹកចិត្តរីករាយ និងអរគុណអភិបាលរាជធានីភ្នំពេញដែលបានចាត់ចែងក្រុមគ្រូពេទ្យនៃកងកម្លាំងអង្គភាព៧១១ កងពលតូចលេខ៧០ និងមន្ទីរសុខាភិបាលរាជធានី ឱ្យចុះបាញ់ថ្នាំមូសក្នុងភូមិឋានរបស់ពួកគាត់ ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម ដែលនេះបង្ហាញឱ្យឃើញពីកាគិតគូរពីសុខមាលភាពសាធារណៈរបស់ប្រជាពលរដ្ឋ។

លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ចូលរួមលុបបំបាត់ជម្រកមូសខ្លា។ លោកថា ទឹកដក់ថ្លាជាជម្រកមូសខ្លា (ទឹកដក់នៅក្នុងសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដប វត្ថុដក់ទឹកភ្លៀងជាជម្រកមូសខ្លា)។ យើងរួមគ្នាលុបបំបាត់ជម្រកមូសខ្លា នៅក្នុងសហគមន៍របស់យើង ដើម្បីរួមចំណែកទុបស្កាត់ការចម្លងជំងឺគ្រុនឈាម។

លោកប្រធានមន្ទីរបញ្ជាក់ទៀតថា មូសខ្លាជាភ្នាក់ងារចំលងជំងឺគ្រុនឈាម រីឯមូសអង្កាមមិនមែនជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមទេ។ ការទុកដាក់សំបកកង់ឡាន ម៉ូតូហាលភ្លៀងនៅក្នុងសហគមន៍ គឹជាការបង្កើតជម្រកមូសខ្លាក្រោយពេលភ្លៀងធ្លាក់។

មូសខ្លាមិនពងដាក់ក្នុងទឹកស្អុយ លូ និងទឹកល្អក់ទេ។ មូសខ្លាពងដាក់ក្នុងទឹកដក់ថ្លា គ្មានក្លិនស្អុយ ទឹកក្នុងថូផ្កា ទឹកក្នុងទម្រជើងទូចាន ទឹកដក់នៅក្នុងចានស្នោ និងកែវជ័រដែលចោលហាលភ្លៀង ទឹកដក់លើថង់ប្លាស្ទិកចោលហាលភ្លៀង ជាដើម៕