ព័ត៌មានជាតិ

ករណីឃាតកម្មបាញ់សម្លាប់នៅខេត្តកោះកុង សមត្ថកិច្ចចាប់ជនដៃដល់ម្នាក់ និងបក្ខពួក២នាក់

image

កោះកុង៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តកោះកុង សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ និងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានស្រាវជ្រាវបំបែកសំណុំរឿងឃាត់កម្មបាញ់សម្លាប់បុរសម្នាក់នៅក្រុងខេមរភូមិន្ទ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ ដោយចាប់ខ្លួនជនដៃដលម្នាក់​ និងបក្ខពួក២នាក់ នៅវេលាម៉ោង ១៥:២៥នាទី ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦។​

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានបញ្ជាក់ថា ជនសង្ស័យទាំង ៣នាក់រួមមាន ឈ្មោះ សាយ សាន្ត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរនគរបាល បានប្រើប្រាស់អាវុធ AK (បាញ់៦គ្រាប់) ទៅលើជនរងគ្រោះ, ឈ្មោះ សាយ សៀវហ្វុង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ, ឈ្មោះ យុន ស្រីលាភ ភេទស្រី អាយុ២០ឆ្នាំ មុខរបរបុគ្គលិកភោជនីយដ្ឋាន។

កម្លាំងនគរបាល បានដកហូតវត្ថុតាង រួមមាន អាវុធ AK ស្វាយបត់ ចំនួន១ដើម បង់កាំភ្លើងចំនួន១ គ្រាប់កាំភ្លើងចំនួន២៤គ្រាប់, ម៉ូតូចំនួន២គ្រឿង (Zoomer X ចំនួន១គ្រឿង និង PCX ចំនួន១គ្រឿង)។​

ករណីនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕