ព័ត៌មានអន្តរជាតិ

វៀតណាមគ្រោងចំណាយថវិកា ២ ពាន់លានដុល្លារ ដើម្បីសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ក្រុងហាណូយ ទៅកាន់ព្រំដែនចិន

image



វៀតណាម៖ ប្រទេសវៀតណាម មានផែនការសាងសង់ផ្លូវល្បឿនលឿនមួយខ្សែ ដែលមានតម្លៃប្រមាណ ៥៣ ទ្រីលានដុង (ប្រហែល ២ ពាន់លានដុល្លារអាម៉េរិក) ឆ្ពោះទៅកាន់ព្រំដែនចិន ដោយកាត់តាមតំបន់ភ្នំដែលពិបាកធ្វើដំណើរ និងដាច់ស្រយាលបំផុត។ គម្រោងនេះ នឹងផ្លាស់ប្តូរមុខមាត់ថ្មីនៃការតភ្ជាប់ចរាចរណ៍នៅតំបន់ភ្នំភាគពាយព្យ ។

ផ្លូវល្បឿនលឿន «បាវហា-ឡៃចូវ» (Bao Ha-Lai Chau) ដែលមានប្រវែង ១៦៣,៥ គីឡូម៉ែត្រនេះ នឹងតភ្ជាប់ពីផ្លូវល្បឿនលឿន «ណូយបៃ-ឡាវកាយ» (Noi Bai-Lao Cai) ដែលរត់ពីហាណូយទៅព្រំដែនភាគខាងជើង ឆ្ពោះទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិ «ម៉ាលូថាង» (Ma Lu Thang) ជាប់ខេត្តយូណាន ប្រទេសចិន ។

ផ្លូវនេះមាន ៤គន្លង និងអាចបើកបរក្នុងល្បឿនពី ៨០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយត្រូវសាងសង់កាត់តាមជួរភ្នំខ្ពស់ៗ និងជ្រលងទន្លេដែលចោទខ្លាំងក្នុងខេត្តឡាវកាយ និងខេត្តឡៃចូវ ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាភិបាលវៀតណាម ចុះថ្ងៃទី១៧ ខែមីនា នាយករដ្ឋមន្ត្រី ផាម មិញជិញ បានយល់ព្រមជាគោលការណ៍ក្នុងការជំរុញគម្រោងនេះ និងបានចាត់តាំងឱ្យខេត្តឡៃចូវ ជាអ្នកគ្រប់គ្រងគម្រោង។ ខេត្តឡៃចូវ បានស្នើសុំថវិកា ១០០ ពាន់លានដុង (ប្រហែល ៣,៨ លានដុល្លារ) ពីរដ្ឋាភិបាលមជ្ឈិម ដើម្បីរៀបចំការងារត្រៀមវិនិយោគក្នុងឆ្នាំ២០២៦ ដោយសារតែថវិកាខេត្ត ត្រូវបានប្រើប្រាស់អស់ក្នុងគម្រោងផ្សេងៗទៀត ។

ផ្លូវនេះនឹងចាប់ផ្តើមពីចំណុចប្រសព្វ IC16 នៃផ្លូវល្បឿនលឿនណូយបៃ-ឡាវកាយ កាត់តាមខេត្តឡាវកាយប្រវែង ៥០ គីឡូម៉ែត្រ និងបន្តកាត់ខេត្តឡៃចូវប្រវែង ១១៣,៥ គីឡូម៉ែត្រ រហូតដល់ច្រកព្រំដែន។ ការសិក្សាសមិទ្ធលទ្ធភាពបឋម រំពឹងថា នឹងបញ្ចប់នៅឆមាសទី១ ឆ្នាំ២០២៦។ ប្រសិនបើទទួលបានការអនុម័តនៅចុងឆ្នាំនេះ ការសាងសង់អាចនឹងចាប់ផ្តើមនៅត្រីមាសទី២ ឆ្នាំ២០២៨ និងបញ្ចប់នៅឆ្នាំ២០៣១ ។

ឡៃចូវ គឺជាខេត្តមួយក្នុងចំណោមខេត្តដាច់ស្រយាលបំផុតរបស់វៀតណាម ដែលមានផ្ទៃដីជាង ៩,០៦៨ គីឡូម៉ែត្រការ៉េ និងមានប្រជាជនប្រហែល ៤៩៧,០០០ នាក់។ ខេត្តនេះ មានព្រំប្រទល់ជាប់ខេត្តយូណានប្រវែងជាង ២៦៥ គីឡូម៉ែត្រ និងមានសារៈសំខាន់ខ្លាំងផ្នែកការពារជាតិ។ ប៉ុន្តែ ដោយសារតែស្ថានភាពដីមានភ្នំខ្ពស់ និងជ្រលងភ្នំតូចចង្អៀត ធ្វើឱ្យបណ្តាញផ្លូវថ្នល់បច្ចុប្បន្ននៅមានកម្រិត ដែលមិនអាចគាំទ្រដល់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគបានឡើយ។ ផ្លូវល្បឿនលឿនថ្មីនេះ នឹងជួយដោះស្រាយបញ្ហាស្ទះចរាចរណ៍ និងតភ្ជាប់តំបន់ភាគពាយព្យទៅកាន់ទីក្រុងហាណូយ និងមជ្ឈមណ្ឌលសេដ្ឋកិច្ចជាប់ឈូងសមុទ្រជាលើកដំបូង តាមរយៈផ្លូវល្បឿនលឿន ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ eVnExpress on MSN | រូបភាព៖ Phuong Linh & Việt An on on VN Express