ព័ត៌មានអន្តរជាតិ

មនុស្ស៣៤នាក់ស្លាប់​ ក្នុងការវាយប្រហាររបស់អាម៉េរិកលើសកលវិទ្យាល័យឈានមុខមួយរបស់អ៉ីរ៉ង់ និងទីតាំងផ្សេងទៀត

image

អ៊ីរ៉ង់៖ យ៉ាងហោចណាស់មានមនុស្ស ៣៤ នាក់ស្លាប់ ក្នុងនោះមានកុមារ ៦ នាក់ ក្នុងអំឡុងដែលសហរដ្ឋអាម៉េរិក និងអ៊ីស្រាអ៊ែល បានបើកការវាយប្រហារយ៉ាងខ្លាំងក្លានៅទូទាំងប្រទេសអ៊ីរ៉ង់។

ការវាយប្រហារនេះ បានវាយប្រហារលើសកលវិទ្យាល័យឈានមុខមួយកន្លែង ក៏ដូចជាតំបន់លំនៅឋានរបស់ប្រជាពលរដ្ឋ បន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានទុកពេលឱ្យត្រឹមថ្ងៃអង្គារ ដើម្បីឱ្យទីក្រុងតេហ៍រ៉ង់បើកច្រកសមុទ្រ ហ័រមូស​ (Hormuz) ឡើងវិញទាំងស្រុង បើមិនដូច្នោះទេ នឹងប្រឈមមុខនឹងការវាយប្រហារលើរោងចក្រអគ្គិសនី និងស្ពាននានា។

ការវាយប្រហាររបស់អាម៉េរិក និងអ៊ីស្រាអែល ក៏បានប៉ះចំសកលវិទ្យាល័យ Sharif ក្នុងទីក្រុងតេហ៍រ៉ង់ ដែលជាសកលវិទ្យាល័យវិទ្យាសាស្ត្រឈានមុខគេមួយរបស់អ៊ីរ៉ង់ (ដែលគេតែងតែប្រៀបធៀបទៅនឹងវិទ្យាស្ថាន MIT របស់អាម៉េរិក)។ អ្នកយកព័ត៌មានរបស់ Al Jazeera បានរាយការណ៍ថា ទីតាំងនេះ​ ទទួលរងនូវការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ដោយមានការខូចខាតយ៉ាងខ្លាំងដល់វិហារសាសនា និងមន្ទីរពិសោធន៍នៅក្នុងបរិវេណសកលវិទ្យាល័យនោះ។

ភ្នាក់ងារសារព័ត៌មាន Fars បានរាយការណ៍នៅថ្ងៃចន្ទថា ការវាយប្រហារតាមអាកាសបានសម្លាប់មនុស្ស ២៣ នាក់ ក្នុងនោះមានក្មេងស្រី ៤ នាក់ និងក្មេងប្រុស ២ នាក់ (អាយុក្រោម ១០ ឆ្នាំ) នៅក្នុងស្រុក Baharestan ខេត្តតេហ៍រ៉ង់។

យោងតាមលោក ម៉ូតេហ្សា​ ហេដារី​ (Morteza Heydari) អនុអភិបាលទទួលបន្ទុកសន្តិសុខ បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៥ នាក់បានស្លាប់ ក្នុងការវាយប្រហារលើអគារស្នាក់នៅមួយកន្លែងក្នុងក្រុង Qom។ អាជ្ញាធរបន្តថា មនុស្ស ៦ នាក់ផ្សេងទៀតបានស្លាប់នៅក្រុង Bandar-e Lengeh ភាគខាងត្បូងប្រទេសអ៊ីរ៉ង់។

មានទីក្រុងយ៉ាងហោចណាស់ ១២ រងនូវការវាយប្រហារនៅទូទាំងប្រទេសអ៊ីរ៉ង់ រួមមានក្រុង Bandar Abbas, Ahvaz, Mahshahr, Shiraz, Isfahan និង Karaj៕

ប្រែសម្រួល៖​ ឡេង​ លាងហេង
ប្រភព៖​ Al Jazeera​ | រូបភាព៖​ Al Jazeera/ BBC