ព័ត៌មានអន្តរជាតិ

អាម៉េរិក ដាក់ឱសានវាទឱ្យអ៊ីរ៉ង់ បើកច្រកសមុទ្រហ័រមូស ត្រឹមថ្ងៃអង្គារនេះ បើមិនចង់ឃើញប្រទេសធ្លាក់ចូលទៅក្នុងយុគសម័យថ្ម

image

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសដាក់ឱសានវាទយ៉ាងម៉ឺងម៉ាត់ដល់ប្រទេសអ៊ីរ៉ង់ ឱ្យបើកច្រកសមុទ្រ ហ័រមូស (Hormuz) ឡើងវិញឱ្យបានមុនម៉ោង ៨ ព្រឹកថ្ងៃអង្គារ (ម៉ោងនៅអាម៉េរិក ឬម៉ោងប្រហែល ៧យប់នៅកម្ពុជា)។លោកបញ្ជាក់ថា បើសិនអ៊ីរ៉ង់នៅតែបន្តរឹងរូស អាម៉េរិកនឹងបើកការវាយប្រហារទ្រង់ទ្រាយធំ ដែលនឹងធ្វើឱ្យប្រទេសនេះធ្លាក់ចូលទៅក្នុង «យុគសម័យថ្ម» តាមរយៈការកម្ទេចចោលនូវរោងចក្រថាមពលអគ្គិសនី និងស្ពានសំខាន់ៗនៅទូទាំងប្រទេស ។

ការប្រើប្រាស់ពាក្យសម្ដីធ្ងន់ៗ និងការកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនេះ គឺជាយុទ្ធសាស្ត្រដាក់សម្ពាធកម្រិតខ្ពស់ ដើម្បីបង្ខំឱ្យអ៊ីរ៉ង់យល់ព្រមតាមការទាមទាររបស់ខ្លួន។ លោក ត្រាំ បានប្រើភាសាបែបផ្លែផ្កា និងគំរាមកំហែងខ្លាំងបំផុតនៅក្នុងសារបង្ហោះរបស់លោក ដោយព្រមានថា អ៊ីរ៉ង់នឹងត្រូវរស់នៅក្នុង «នរក» ប្រសិនបើមិនធ្វើតាមបញ្ជារបស់លោកទេនោះ ។

ទោះបីជាប្រឈមគំរាមកំហែងខ្លាំងក្លាក៏ដោយ ក៏កងទ័ពជើងទឹកអ៊ីរ៉ង់ នៅតែបង្ហាញជំហរមិនចុះញ៉មឡើយ ដោយប្រកាសថា ច្រកសមុទ្រយុទ្ធសាស្ត្រ ហ័រមូស (Hormuz) នឹងមិនត្រលប់ទៅរកសភាពដើមវិញឡើយ ជាពិសេសគឺសម្រាប់សត្រូវរបស់ខ្លួន។ ការប្រឈមមុខដាក់គ្នានេះ កាន់តែធ្វើឱ្យច្រកផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់របស់ពិភពលោកនេះ ស្ថិតក្នុងភាពជាប់គាំងកាន់តែខ្លាំងឡើងៗ ។

គិតត្រឹមសប្តាហ៍ទី ៦ នៃសង្គ្រាមដែលបានចាប់ផ្ដើមតាំងពីចុងខែកុម្ភៈ ចំនួនអ្នកបាត់បង់ជីវិតបានកើនឡើងយ៉ាងឆាប់រហ័ស ដោយអ៊ីរ៉ង់រងគ្រោះធ្ងន់ធ្ងរជាងគេជាមួយចំនួនអ្នកស្លាប់ជាង ២,០០០ នាក់។ ទន្ទឹមនឹងនេះ ភាគីអាម៉េរិក និងអ៊ីស្រាអ៊ែល ក៏បានរាយការណ៍ពីការបាត់បង់កម្លាំងទាហានរបស់ខ្លួនមួយចំនួនផងដែរ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Al Jazeera