តៃវ៉ាន់ កំពុងស្ថិតនៅក្នុងភាពស្រពេចស្រពិលថា តើគួរពឹងផ្អែកលើអាម៉េរិកដើម្បីសន្តិសុខ ឬចរចាជាមួយចិន ដើម្បីកាត់បន្ថយភាពតានតឹង?
តៃប៉ិ៖ មានការជជែកវែកញែកជាបន្តបន្ទាប់ថា «តើតៃវ៉ាន់គួរពឹងផ្អែកខ្លាំងលើសហរដ្ឋអាម៉េរិកដើម្បីសន្តិសុខ ឬព្យាយាមកាត់បន្ថយភាពតានតឹងតាមរយៈការចរចាជាមួយចិន?» សម្រាប់អ្នកខ្លះ សង្គ្រាមនៅអ៊ីរ៉ង់បានបង្កជាសំណួរថា តើអាម៉េរិកអាចផ្ដោតអារម្មណ៍មកលើតៃវ៉ាន់បានកម្រិតណា បើវិបត្តិជាច្រើនកំពុងកើតឡើងក្នុងពេលតែមួយ? ការពន្យារពេលបញ្ជូនអាវុធ ការអស់ស្តុកគ្រាប់រំសេវ និងរបៀបធ្វើការងារបែបទំនាក់ទំនងដែលផ្អែកលើផលប្រយោជន៍ របស់លោក ដូណាល់ ត្រាំ ចំពោះសម្ព័ន្ធមិត្ត សុទ្ធតែបង្កជាមន្ទិលសង្ស័យ ។
ការជជែកវែកញែកខាងលើ ហាក់កាន់តែកើតមានខ្លាំងនៅសប្តាហ៍នេះ ខណៈលោកស្រី ឆឹង លីវុន (Cheng Li-wun) ប្រធានគណបក្សប្រឆាំង KMT ធ្វើដំណើរទៅប្រទេសចិនរយៈពេល ៦ថ្ងៃ ដែលអាចនឹងមានជំនួបជាប្រវត្តិសាស្ត្រជាមួយលោក ស៊ី ជិនពីង នៅទីក្រុងប៉េកាំង។ លោកស្រី ចាត់ទុកដំណើរទស្សនកិច្ចនេះថាជា «បេសកកម្មសន្តិភាព» ដើម្បីកាត់បន្ថយភាពតានតឹងរវាងក្រុងតៃប៉ិ និងក្រុងប៉េកាំង ។ លោកស្រី ឆឹង (Cheng) និយាយថា តៃវ៉ាន់មិនគួរត្រូវបានគេបង្ខំឱ្យរើសយកខាងណានោះទេ ដោយលោកស្រីបញ្ជាក់យ៉ាងខ្លីថា «តៃវ៉ាន់ចង់បានទាំងអស់» ពោលគឺចង់បានទាំងអាវុធការពារខ្លួន និងសន្តិភាពជាមួយចិន
ទន្ទឹមនឹងនេះ សម្ពាធពីទីក្រុងវ៉ាស៊ីនតោនក៏កើនឡើងដែរ ដោយក្រុមសមាជិកព្រឹទ្ធសភាអាម៉េរិក បានមកដល់ទីក្រុងតៃប៉ិ ដើម្បីជំរុញឱ្យតៃវ៉ាន់អនុម័តផែនការការពារជាតិតម្លៃ ៤០ ពាន់លានដុល្លារ ដោយលើកឡើងថា «សន្តិភាពកើតមានទៅបាន លុះត្រាតែយើងខ្លាំង»។ ប៉ុន្តែបញ្ហានៅត្រង់ថា តៃវ៉ាន់បានបញ្ជាទិញអាវុធអាម៉េរិករាប់ពាន់លានដុល្លាររួចហើយ តែទំនិញនៅមិនទាន់ដឹកមកដល់គ្រប់ចំនួននៅឡើយ ដែលធ្វើឱ្យគណបក្សប្រឆាំង ចោទសួរថា ហេតុអ្វីត្រូវចំណាយលុយបន្ថែមទៀត បើអាវុធចាស់មិនទាន់មកដល់ផងនោះ?
អ្នកវិភាគលើកឡើងថា សង្គ្រាមអូសបន្លាយរបស់អាម៉េរិកនៅមជ្ឈិមបូព៌ា អាចធ្វើឱ្យចិនមានឱកាសបង្កើនសម្ពាធនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ព្រោះអាម៉េរិកបានបង្វែរធនធាន និងគ្រាប់រំសេវទៅទីនោះជាបន្តបន្ទាប់រួចទៅហើយ។ សម្រាប់ពលរដ្ឋតៃវ៉ាន់ ពួកគេមានមោទនភាពចំពោះលទ្ធិប្រជាធិបតេយ្យ និងឧស្សាហកម្មបន្ទះឈីបដ៏ទំនើបរបស់ខ្លួន ប៉ុន្តែពួកគេមានអារម្មណ៍ថាដូចកំពុងត្រូវបានគេទាញឱ្យធ្លាក់ចូលទៅកាន់ទិសដៅផ្ទុយគ្នាទៅវិញ។ ពលរដ្ឋតៃវ៉ាន់ភាគច្រើនក្នុងចំណោមនោះ ចង់រក្សាស្ថានភាពបច្ចុប្បន្ន និងចៀសវាងសង្គ្រាម ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ CNN | រូបភាព៖ (I-Hwa Cheng/AFP/Getty Images)/ (Adek Berry/AFP/Getty Images)/ iStock/ REUTERS/Ann Wang/ CFP