ព័ត៌មានជាតិ

កម្ពុជា-ចិន ទទួលស្គាល់គ្នាទៅវិញទៅមក នៃកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាតរបស់គយ ដែលនឹងជួយគាំទ្រសម្រួលដល់វិស័យធុរៈកិច្ច ពាណិជ្ជកម្មអន្តរជាតិ នៃប្រទេសទាំងពីរ

image

ភ្នំពេញ៖ នារសៀលថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាទទួលស្គាល់គ្នាទៅវិញទៅមក នៃកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង រដ្ឋបាលគយចិន (Cambodia-China Authorized Economic Operator Mutual Recognition Arrangement : Cambodia-China AEO MRA) ។ ពិធីនេះចុះហត្ថលេខានេះ បានដឹកនាំរៀបចំនិងចុះហត្ថលេខាដោយ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជាមួយលោកស្រី Sun Meijun រដ្ឋមន្ត្រីនៃអគ្គរដ្ឋបាលគយ នៃសាធារណៈរដ្ឋប្រជាមានិតចិន។

ការរៀបចំទទួលស្គាល់គ្នាទៅវិញទៅមក នៃកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាតកម្ពុជា-ចិន នឹងជួយគាំទ្រសម្រួលដល់វិស័យធុរៈកិច្ចពាណិជ្ជកម្មអន្តរជាតិ នៃប្រទេសទាំងពីរ នូវភាពសាមញ្ញនីតិវិធីគយ តាមរយៈការកាត់បន្ថយការត្រួតពិនិត្យរូបវន្តទំនិញ និងការពន្លឿនការបំពេញបែបបទគយ សម្រាប់ក្រុមហ៊ុនដែលមានអនុលោមភាពខ្ពស់។ 

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនជា AEO ចំនួន ១១ ហើយកម្ពុជាមានគោលដៅបង្កើនក្រុមហ៊ុន AEO ឲ្យបានចំនួន៣០ មុនបញ្ចប់ឆ្នាំ២០២៦នេះ។ ការរៀបចំយន្តការទទួលស្គាល់គ្នាទៅវិញទៅមកលើកម្មវិធី AEO នាពេលនេះ គឺមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ក្នុងការបន្តជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគឱ្យកាន់តែរីកចម្រើនបន្ថែមទៀត តាមរយៈការកាត់បន្ថយពេលវេលានិងថ្លៃដើម, ការពង្រឹងភាពប្រកួតប្រជែងរបស់ធុរជន, និងការធានាសុវត្ថិភាពខ្សែច្រវាក់ផ្គត់ផ្គង់នៃប្រទេសទាំងពីរ។

ព្រឹត្តិការណ៍នាថ្ងៃនេះ គឺជាសក្ខីភាពមួយទៀត ដែលឆ្លុះបញ្ចាំងពីស្មារតីនៃ «មិត្តភាពដែកថែប» និងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាង កម្ពុជានិងចិន ជាពិសេសការជំរុញសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី ឱ្យកាន់តែរឹងមាំ និងមានផ្លែផ្កា។ស្របតាមស្មារតីនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនេះ សាធារណរដ្ឋប្រជាមានិតចិន មិនត្រឹមតែជាមិត្តដ៏ល្អនោះទេ ប៉ុន្តែគឺជាដៃគូពាណិជ្ជកម្ម និងជាប្រភពទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ដ៏ធំបំផុត និងសំខាន់បំផុតរបស់កម្ពុជា ដែលបាននិងកំពុងរួមចំណែកយ៉ាងធំធេង ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា៕

អត្ថបទ៖ សន ពិសិដ្ឋ