ព័ត៌មានជាតិ

ក្រសួងអប់រំបង្កេីតព្រឹត្តិការណ៍​ ៣ទន្ទឹមគ្នា ដើម្បីអបអរសាទរខួបលើកទី២៩ នៃទិវាគ្រូបង្រៀន ៥តុលា តាមរយៈពិព័រណ៍បើកចំហរ​ នៃស្នាដៃគំនូរកុមារ ៤ពាន់ផ្ទាំង

image

ភ្នំពេញ៖​ រដ្ឋលេខាធិការក្រសួងអប់រំ​ យុវជន និងកីឡា លោក​ សាន វឌ្ឍនា បានឱ្យដឹងថា ដើម្បីអបអរសាទរខួបលើកទី២៩ នៃទិវាគ្រូបង្រៀន ៥តុលា ក្រសួងបានរៀបចំព្រឹត្តិការណ៍អមចំនួន ៣ទន្ទឹមគ្នា រួមមាន ទី១. ពិធីសម្ពោធបង្ហាញរូបសំណាកកវីបណ្ឌិត។ ទី២. វគ្គផ្តាច់ព្រ័ត្រនៃការបង្ហាញ “ការសិក្សាដោយគម្រោងបង្កើតគំរូនៃដំណោះស្រាយ” PBL for Prototype Development និង ទី៣. ពិព័រណ៍បើកចំហរនៃស្នាដៃគំនូរកុមារ (Kids Painting Open Gallery)។

លោក សាន វឌ្ឍនា បានបន្តថា ចំពោះព្រឹត្តិការណ៍ទី១ គឺការសម្ពោធបង្ហាញរូបសំណាកកវីបណ្ឌិតសម័យអង្គរ​ នេះមានមោទនភាពយ៉ាងក្រៃលែងក្នុងការសម្ពោធបង្ហាញរូបសំណាកអ្នកប្រាជ្ញ និងជាកវីបណ្ឌិតកំពូលរបស់ខ្មែរចំនួន ២រូប ដែលតំណាងឱ្យភាពរុងរឿងនៃប្រពៃណីបញ្ញាញាណខ្មែរនាសម័យបុរាណ។
ព្រឹត្តិការណ៍ទី២ គឺវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីសិក្សាផ្អែកលើគម្រោង (Project-Based Learning - PBL)។ អ្វីដែលជាទីមោទនភាព និងជាចំណុចរបត់ដ៏សំខាន់នៃកម្មវិធីនេះ គឺដំណើរការនៃការបង្កើតគម្រោងនីមួយៗ ទទួលបាននូវការចូលរួមគាំទ្រ និងការតម្រង់ទិសយ៉ាងសកម្មពីសំណាក់ «គ្រូបង្វឹក»(Mentors) ដែលសុទ្ធសឹងតែជាអ្នកជំនាញអញ្ជើញមកពីវិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល (NGOs) និងសាកលវិទ្យាល័យនានា។

ព្រឹត្តិការណ៍ទី៣ គឺពិព័រណ៍គំនូរកុមារអបអរសាទរទិវាគ្រូបង្រៀន។ អ្វីដែលជាការភ្ញាក់ផ្អើល​ និងក្តីរំភើបនោះគឺ ត្រឹមតែរយៈពេលខ្លីនៃការប្រកាស ក្រសួងទទួលបានការគាំទ្រយ៉ាងផុសផុលបំផុត ដោយប្រមូលបានស្នាដៃគំនូរសរុបជាង ៤០០០ផ្ទាំង ពីសិស្សានុសិស្សទាំងរដ្ឋ និងឯកជន ដោយផ្តោតលើប្រធានបទធំៗ ចំនួន៣ គឺ​ ១. គ្រូធ្វើឱ្យខ្ញុំស្រឡាញ់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, ២. គ្រូមានវិធីសាស្ត្រធ្វើឱ្យខ្ញុំចង់រៀនសូត្រ និង ៣. គ្រូបង្រៀនខ្ញុំឱ្យស្រឡាញ់មាតុភូមិ និងពិភពលោក។ គំនូរទាំងនេះ គឺជាសារដ៏មានអត្ថន័យ និងជាការលើកទឹកចិត្តដ៏ធំធេងបំផុតសម្រាប់លោកគ្រូ អ្នកគ្រូទូទាំងប្រទេសកម្ពុជា។
 
សូមជម្រាបថា ព្រឹត្តិការណ៍ទាំងបីនេះ ត្រូវបានរៀបចំឡើងយ៉ាងប្រទាក់ក្រឡាគ្នា ដើម្បីជាតឹកតាងដ៏រស់រវើកនៃការចូលរួមចំណែកលើកកម្ពស់គុណតម្លៃនៃការអប់រំ បណ្តុះស្មារតីចងចាំប្រវត្តិសាស្ត្រ និងបន្តប្រពៃណីនៃការដឹងគុណចំពោះលោកគ្រូ អ្នកគ្រូ ដែលជាសសរស្តម្ភពិតប្រាកដនៃសាលារៀនរឹងមាំ៕